(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដេីម្បីបង្កើនកាការពារទប់ស្កាត់ក្រុមក្មេងទំនើងពង្រឹងកិច្ចការពារសន្តិសុខ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាបទប់ស្កាត់ រាល់បញ្ហាអសកម្មផ្សេងៗដែលអាចកើតមានក្នុងភូមិសាស្ត្រ ខណ្ឌ។
កិច្ចប្រជុំនេះដោយមានការចូលរួមពីគណៈអភិបាល គណៈនាយក លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យទាំង១២ ចំណុះខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៧ និងលោក-លោកស្រី មេភូមិទាំង៥៤ផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕