(ព្រះវិហារ)៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានណែនាំដល់មន្ទីរព័ត៌មានខេត្ត ត្រូវគ្រប់គ្រងសម្របសម្រួលឲ្យបានអ្នកសារព័ត៍មានទាំងក្នុងស្រុក និងក្រៅស្រុក ដែលចុះមកប្រតិបត្តិការ បំពេញការងារយកព័ត៌មាននៅក្នុងខេត្តព្រះវិហារ។

ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបង្ហាញវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកផែនការ សកម្មភាពការងារសម្រាប់អនុវត្តបន្ដនៅឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបទៀត។

លោក វ៉ាត ប៉ារ៉ានីន បានថ្លែងថា វិស័យព័ត៌មានពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសហគមន៍ អភិវឌ្ឍន៍ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល ហើយព័ត៌មានគឺជាឆ្មាំដ៏ល្អ ដ៏ស្មោះត្រង់ជាមួយនឹងសង្គម បង្ហាញពីគ្រប់ជ្រុងជ្រោយ និងផ្សាយនូវអ្វីដែលជាពុទ្ធិជាចំណេះដឹង ហើយយកអ្វីដែលជាភាពខ្វះចន្លោះរបស់សង្គម ដើម្បីដាស់តឿន និងធ្វើការកែតម្រូវ។

លោកថាបច្ចុប្បន្នវិស័យព័ត៌មាន កាន់តែវិវឌ្ឍន៍ទៅមុខជាលំដាប់ ទាំងប្រព័ន្ធឌីជីថល បណ្ដាញសង្គម ហើយឈានទៅដល់បញ្ញាសុប្បនិម្មិត AI ផងដែរ ដែលត្រូវរត់ឲ្យទាន់សភាពការណ៍សកល ដែលតែងតែមានការវិវឌ្ឍន៍ឥតឈប់ឈរ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ ទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ដែលបានខិតខំធ្វើកិច្ចការក្នុងឆ្នាំ២០២៤នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ដែលក្នុងនោះការផ្សព្វផ្សាយព័ត៌មានដែលបានកើតឡើង ការធ្វើប្រតិកម្មរហ័ស ការបន្សាបនូវព័ត៌មានលាបពណ៌ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងមិនប្រក្រតី ជាពិសេសការផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនរបស់ខេត្តជាដើម។

លោកអភិបាលរងខេត្តព្រះវិហារ បានណែនាំទៅដល់មន្ទីរព័ត៌មានខេត្ត ត្រូវខិតខំបន្ថែមទៀតទៅលើអ្វីដែលបានខិតខំរួចមកហើយ ក្នុងការងារផ្សព្វផ្សាយនូវសមិទ្ធផលដែលខេត្ត ក្រុង-ស្រុក សហគមន៍ និងមន្ទីរ-អង្គភាព សម្រេចបាន និងត្រូវខិតខំកែលំអរចំណុចខ្វះខាត ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយដើរឲ្យទាន់សង្គម ឲ្យទាន់ប្រព័ន្ធឌីជីថល ព័ត៌មានដែលផ្សព្វផ្សាយ ត្រូវជាព័ត៌មានទាន់ហេតុការណ៍ លឿន ពិតប្រាកដដែលធ្វើឲ្យមហាជនជឿទុកចិត្តបាន។

ដោយឡែក លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានថ្លែងលើកឡើងស្ដីពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ បានបង្ហាញថា អ្នកសារព័ត៌មានដែលបានចុះបញ្ជីប្រចាំនៅក្នុងខេត្តព្រះវិហារ មានចំនួន៣៥រូប មកពី២១អង្គភាព ក្នុងនោះ គេហទំព័រ ០៨អង្គភាព ចំនួន១៩នាក់, ទូរទស្សន៍១២អង្គភាព ចំនួន ១៥នាក់ និងកាសែត ចំនួន០១អង្គភាព មានចំនួន០១នាក់, បានបញ្ជាក់បេសកកម្មដល់អ្នកសារព័ត៌មាន ដែលបានឆ្លងកាត់ ចំនួន ២២នាក់ មកពី២៩អង្គភាព។

ចំពោះការងារទូរទស្សន៍បានចុះយកព័ត៌មានសរុបចំនួន៣៣៦លើក ក្នុងនោះថ្នាក់ជាតិ ៦២លើក, ផលិតព័ត៌មានខ្លី ចំនួន១៤០លើក, ផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ចំនួន៤៣១ព័ត៌មានវីឌីអូ និង ៥៦៩ព័ត៌មានជារូបភាព, Youtube ចំនួន១៤១លើក,TikTok ៩០លើក, Instagram១៨៩លើក និងTelegram ចំនួន១,២៣១លើក និងវិទ្យុជាតិភ្នំត្បែង 97MHz ខេត្តព្រះវិហារ សម្រេចបានការផ្សព្វផ្សាយសរុប១៦,៧៣៥អត្ថបទ៕