(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីវិធានការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ព្រឹត្តិការណ៍អបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា និងពិធីឆ្លងឆ្នាំសកល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។

ដោយឡែក ការប្រារព្ធព្រិត្តិការណ៍សំខាន់ៗ ខាងលើនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចព្រមទាំងដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹម រួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កការ ទប់ស្កាត់ បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំតាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ គោរពលើកកម្ពស់វិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពសហការល្អ ពង្រឹងការគ្រប់គ្រងកងកម្លាំង ពិនិត្យបញ្ជីវត្តមានមន្ត្រីក្រោមឱវាទរកឲ្យឃើញមន្ត្រីដែលសកម្មមានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្តចំពោះមន្ត្រីអសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួយយកអាសាគ្នា នាគ្រាជួបទុក្ខលំបាក៕