(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវចាំឱ្យច្បាស់អំពីតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ពីព្រោះយើងទាំងអស់ត្រូវតែការពារដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គសុក្រឹតការស្តីពី «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម» នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។

នាឱកាសនោះដែរ លោក ហេង សួរ ចាត់ទុកថាវគ្គសុក្រឹតការនេះ ជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការការងារ ដែលនឹងត្រូវបំពេញតួនាទី ជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពាក់ព័ន្ធដែលបានសហការរៀបចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស តាមដានការ ដាក់កំហិត ក៏ដូចជាការកសាងសំណុំរឿងផាកពិន័យស្របតាមនីតិវិធីច្បាប់ជាធរមានឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវចាំឱ្យច្បាស់អំពីតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ពីព្រោះយើងទាំងអស់ត្រូវតែការពារដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ នៅក្នុងពិធីបិទវគ្គសុក្រឹការនេះផងដែរ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គសុក្រឹតការដល់សិក្ខាកាមដែលបានចូលរួមវគ្គសុក្រឹតការនេះផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖

ទី១៖ លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ
ទី២៖ ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ
ទី៣៖ តួនាទី ភារកិច្ច និងអំណាចអធិការការងារ
ទី៤៖ អធិការកិច្ចសន្ដិសុខសង្គម
ទី៥៖ អធិការកិច្ចការងារហត្ថពលកម្មបរទេស
ទី៦៖ អធិការកិច្ចការងារកុមារ
ទី៧៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមា
និង៨៖ នីតិវិធីនៃការដោះស្រាយវិវាទការងារ៕