(ព្រៃវែង)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានដេញឡានសង្ស័យជាក្រុមចាប់ជំរិតដែលបង្កដោយជនជាតិចិនចេញពីក្រុងបាវិត ខេត្តស្វាយរៀង ហើយពេលមកដល់ផ្លូវជាតិលេខ១ ចំណុចកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏ឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវបុរសម្នាក់នៅក្បែរកន្លើតហេតុរងរបួស។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុនោះ និងក្រោយទទួលបានព័ត៌មានថា រថយន្តស្តារិចខាងលើនេះជារថយនុ្តក្រុមជនល្មើស, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានកាក់ ពីមុខពីក្រោយ តែរថយន្តរបស់ជនរងគ្រោះមិនព្រមឈប់ក៏បើកគេច ស្រាប់តែនគរបាលដែលជិះឡានកាក់ខាងក្រោយ ចុះពីឡានបាញ់ចូលរថយន្តជនរងគ្រោះ បណ្តាលឲ្យគ្រាប់កាំភ្លើងធ្លាយចំបុរស ដែលនៅក្បែរកន្លែង បណ្តាលឲ្យរងរបួស។
សម្រាប់ករណីនេះ ត្រូវបានគេចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម ដោយរិះគន់នគរបាលខ្លាំងៗថា បានបាញ់ច្រឡំទៅលើរថយន្តរបស់ជនរងគ្រោះ ដែលមានគ្នាចំនួន៥នាក់ និងកំពុងអ្នកជំងឺមកពេទ្យនៅភ្នំពេញ។
មន្រ្តីនគរបាលជាន់ខ្ពស់ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដេញរថយន្តមួយគ្រឿងសង្ស័យជាក្រុមចាប់ជំរិតបង្កដោយជនជាតិចិន ពីក្រុងបាវិត ខេត្តស្វាយរៀង ហើយមកដល់ចំណុចកើតហេតុ ក៏ទទួលបានព័ត៌មានថារថយន្តមួយគ្រឿងនេះជារបស់ជនល្មើស ទើបកម្លាំងដេញកាក់មុខក្រោយ តែអ្នកបើករថយន្តមិនព្រម ហើយបើកគេច និងបុករថយន្តសមត្ថកិច្ច ទើបនគរបាលនៅក្នុង រថយន្តដែលកាក់ពីក្រោយ ចុះពីលើរថយន្តបាញ់តែម្តង ហើយគ្រាប់គាំភ្លើងបានធ្លុះទៅចំបុរសម្នាក់នៅក្បែរកន្លែងកើតហេតុបណ្តាលឲ្យរងរបួស។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយមនុស្សដែលនៅក្នុងរថយន្តប្រហែល៥ទៅ៦នាក់នោះ មិនមាននរណារងគ្រោះថ្នា្កក់នោះទេ។
ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខបុរសដែលរងគ្រោះដោយសារគ្រាប់កាំភ្លើងផ្លាតចំដល់មន្ទីរពេទ្យ។ បុរសរងគ្រោះត្រូវបានសមត្ថកិច្ច ប្រាប់ថា នៅពេលនេះមានស្ថានភាពធូរស្រាលច្រើន ក្រោយគ្រូពេទ្យបានវះកាត់យកគ្រាប់ចេញរួច៕