(ស្វាយរៀង)៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង បានបើកសវនាការជាអសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ៣៧១ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីក្មេងទំនើងចំនួន៧នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាននៅស្រុករំដួល។

ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាងរួច នៅក្នុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ដដែលនោះ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវសាលកម ព្រហ្មទណ្ឌលេខៈ៨៩(គ) ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម៖

*ក៖ ផ្តន្ទាទោសលើ ១៖ឈ្មោះ នៅ សំរី អាយុ១៨ឆ្នាំ (ឃុំខ្លួន), ២៖ឈ្មោះ ជុំ សាវុត អាយុ១៨ឆ្នាំ (ឃុំខ្លួន), ៣៖ឈ្មោះ ផុន សុផាប់ អាយុ១៨ឆ្នាំ (ឃុំខ្លួន), ៤៖ឈ្មោះ តឿ សារ៉ាត់ អាយុ២៤ឆ្នាំ (គេចខ្លួន) និង៥៖ឈ្មោះ នង សុភ័ក្រ អាយុ១៩ឆ្នាំ (គេចខ្លួន) ដាក់ពន្ធនាគារក្នុង ម្នាក់ៗកំណត់៥(ប្រាំ)ឆ្នាំ។

*ខ៖ ផ្តន្ទាទោសលើ ១៖ឈ្មោះ ជុំ ទី អាយុ១៦ឆ្នាំ ជាអនីតិជន (ឃុំខ្លួន) និង២៖ឈ្មោះ ពៅ ពិសាល អាយុ១៦ឆ្នាំ ជាអនីតិជន (គេចខ្លួន) ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់២(ពីរ)ឆ្នាំ និង៦(ប្រាំមួយ)ខែ។ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត ប្រព្រឹត្តនៅភូមិទៃយា ឃុំក្តុក ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ តាមមាត្រា២១៨ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

*គ៖ បង្គាប់ឲ្យចេញដីកាចាប់-ឃុំខ្លួន ១៖ឈ្មោះ សឿ សារាំត់ អាយុ២៤ឆ្នាំ (គេចខ្លួន), ២៖ឈ្មោះ នង សុភ័ក្រ អាយុ១៩ឆ្នាំ (គេចខ្លួន) និង៣៖ឈ្មោះ ពៅ ពិសាល អាយុ១៦ឆ្នាំ ជាអនីតិជន (គេចខ្លួន) តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

*ឃ៖ បង្គាប់ឲ្យ ១៖ឈ្មោះ នៅ សារី, ២៖ឈ្មោះ ជុំ សាវុត, ៣៖ឈ្មោះ ផុន សុផាប់, ៤៖ឈ្មោះ តឿ សារ៉ាត់, ៥៖ឈ្មោះ នង សុភ័ក្រ, ៦៖ឈ្មោះ ជុំ ទី និង៧៖ឈ្មោះ ពៅ ពិសាល រួមគ្នាសងសំណងការខូចខាត និងជំងឺចិត្ត ចំនួន១០,០០០,០០០រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ គឹម ម៉េងហេង៕