(ភ្នំពេញ)៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទបញ្ចប់ទស្សនកិច្ចចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក ជាមួយទស្សនកិច្ចជុំទី៤ នៅក្រុមហ៊ុនចំនួន២ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
កន្លងមកក្រុមការងារដឹកនាំដោយ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងមានការចូលរួមពីលោក ឡោ រស្មី និងលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យចំនួន៣លេីករួចមកហេីយ នៅតាមបណ្តាខេត្តនានា រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ កំពង់ធំ តាកែវ និងខេត្តកណ្តាល។
សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង៤មុឺនតោន ក្នុងមួយឆ្នាំ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ។ ខណៈទទួលបានការគាំទ្រជាបន្តបន្ទាប់ ក្រុមហ៊ុន និងសិប្បកម្មភាគច្រេីនកំពុងពង្រីកខ្សែច្រវាក់ផលិតកម្ម និងបង្កេីនការផលិត ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការទីផ្សារដែលខ្លួនមាន។
ជារួមក្រុមការងារវាយតម្លៃបានថា ប្រជាកសិករមានការយល់ដឹងកាន់តែល្អប្រសេីរ អំពីអត្ថប្រយោជន៍នៃជីសរីរាង្គ និងកំពុងបង្កេីនការប្រេីប្រាស់ជាលំដាប់ ស្របពេលដែលជីសរីរាង្គត្រូវបានផលិត និងចែកចាយកាន់តែច្រេីនក្នុងស្រុក។
ក្រុមការងារបានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ ឲ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។
តាមរយៈទស្សនកិច្ចចំនួន៤លេីកនេះ ក្រុមការងារបានប្រមូលធាតុចូលល្អៗ និងទទួលសំណូមពរសមស្របមួយចំនួនពីម្ចាស់ក្រុមហ៊ុន និងសិប្បកម្ម ដេីម្បីលេីកយោបល់ជូនក្រសួង និងរាជរដ្ឋាភិបាល សំដៅពិនិត្យលទ្ធភាពបង្កេីនការគាំទ្រដល់ការផលិត និងការប្រេីប្រាស់ជីសរីរាង្គផលិតក្នុងស្រុកឱ្យកាន់តែទូលំទូលាយថែមទៀត ដេីម្បីកាត់បន្ថយថ្លៃដេីមផលិត បង្កេីនប្រាក់ចំណេញ និងលេីកកម្ពស់ជីវភាពប្រជាកសិករ។
ជាងនេះទៀត ការផលិត និងប្រេីប្រាស់ជីសរីរាង្គក្នុងស្រុកជួយដោះស្រាយបញ្ហាបរិស្ថាន បង្កេីតការងារសម្រាប់ពលរដ្ឋខ្មែរ កាត់បន្ថយការប្រេីប្រាស់ជីគីមីនាំចូលពីបរទេស និងរក្សានិរន្តរភាពគុណភាពដីកសិកម្មផងដែរ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕