(ស្វាយរៀង)៖ លោក សរ សុដានី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៨៩នាក់ ស្រី៤៨នាក់។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនេះដែរ ក៏មានការចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក សរ សុដានី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកឡើងពីប្រវត្តិតស៊ូ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ មាតុភូមិ ព្រមទាំងកសាងបានសមិទ្ធផជាច្រើនលើសលប់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងដឹកនាំបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ។
លោក សរ សុដានី បានរំលឹក និងជម្រាបជូនយុវជនដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុកាល ៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៤នេះ។ លោកក៏បានស្នើដល់ក្មួយៗជាយុវជន ដែលជាសមាជិកគណបក្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង និងត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាពឲ្យបានជាដាច់ខាត។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់យុវជនគណបក្សត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទនៅតាមទីសាធារណៈផងដែរ។
បន្ថែមលើនេះ លោកក៏បានរំឮកអំពីគុណបំណាច់របស់គណបក្ស ក្នុងការស្វែងរកសន្តិភាព និងករសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះឈ្នះ៕