(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងសម័យតេជោសន្ដិភាព បើពោលអំពីការប្រកួតកីទ្បាបាល់ទាត់ដើម្បីសាទរកម្ពុជា ក្នុងទិវាសន្តិភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមានការសាទរពីប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានការចូលរួមទស្សនាពីមហាជនខ្មែរទាំងប្រុសស្រីក្មេងចាស់ ប្រមាណជាង៥ម៉ឺននាក់ យ៉ាងច្រើនកុះករគគ្រឹកគគ្រេងពោរពេញដោយភាពសប្បាយរីករាយក្រៃលែង។

នេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពី អត្ថន័យប្រវត្ដិសាស្រ្ដដល់ការបង្រួបបង្រួមជាតិ ដល់ការ​តស៊ូរបស់បុព្វបុរសបិតាសន្ដិភាព ដើម្បីឲ្យយើងនៅតែចងចាំ នូវបទពិសោធន៍ពីរបៀបជម្នះជម្លោះដើម្បីរក្សានិងលើកកម្ពស់តម្លៃសន្តិភាព វប្បធម៌សណ្តោសអត់ឱន អនុគ្រោះតាមរយៈធម៌ព្រះពទ្ធសាសនាជាព្រះបរមគ្រូនៃយើង។ ព្រោះការប្រកួតកីទ្បាបាល់ទាត់ដើម្បីសន្ដិភាព ជាលំហនៃការអប់រំចិត្ដ ភាពអត់ធ្មត់ អនុញ្ញាតឲ្យអ្នកលេងម្នាក់ៗ ស្វែងរកពីវិធីនិងបច្ចេកទេសស្ថាបនាដើម្បីបញ្ជូនអារម្មណ៍ត្រឹមត្រូវក្នុងការទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាព ការកសាងស្ពានសម្រាប់ការយល់ដឹងត្រឹមត្រូវពីទំនាក់ទំនងសង្គម លើកកម្ពស់ការយល់គ្នាក្នុងភាពត្រឹមត្រូវទៅវិញទៅមក នូវបំណងប្រាថ្នាមួយ និងការប្តេជ្ញាចិត្តក្នុងការរួបរួមនិង​រួមរស់ជាមូយគ្នាដោយសន្តិភាព។

បើពោលឲ្យចំ គុណតម្លៃនៃការប្រកួតកីទ្បាបាល់ទាត់ដើម្បីសាទរកម្ពុជា ក្នុងទិវាសន្ដិភាព ធ្វើឲ្យយើងចេះធ្វើការងារជាក្រុម, ដោយភាពយុត្តិធម៌, ការគោរពវិន័យចំពោះគូប្រកួត និងច្បាប់យល់ដឹងជាសកល។

លោក រ័ត្ន សណ្ដាប់ បន្ដថាម្យ៉ាងទៀត ក្នុងការប្រកួតកីទ្បាបាល់ទាត់ដើម្បីសាទរកម្ពុជា ក្នុងទិវាសន្ដិភាពនេះទៀតសោត គឺជាការផ្តល់ឱកាសឲ្យយុវជនមកពីសហគមន៍ផ្សេងៗគ្នា ចេះធ្វើការងារជាមួយគ្នា ចេះយោគយល់ចិត្តគ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីជម្នះរាល់ឧបសគ្គទាំងទ្បាយដែលរារាំងដំណើរនៃការរីកចំរើន និងចេះដឹងគុណគ្នាទៅវិញទៅមកដោយសន្តិភាព។ ជាទូទៅល្បែងកីទ្បាបាល់ទាត់ដើម្បីសន្ដិភាព គឺ​ជាល្បែងដើម្បី​កសាង​ទំនុក​ចិត្ត, ជំរុញ​ការ​អភិវឌ្ឍ​ខ្លួន​ឯង, បង្កើត​មិត្តភាព​ថ្មី និង​បង្កើនថាមពលលើក​ទឹកចិត្ត​ឲ្យមាន​ការ​កោតសរសើរ​ចំពោះ​ជំនាញ និង​ទេពកោសល្យ​របស់​គូប្រកួតតាមរយៈបាល់ទាត់។

ទន្ទឹមនឹងនេះ កីទ្បាបាល់ទាត់ដើម្បីសន្ដិភាព បានផ្សារភ្ជាប់យុវជនពីជំនាន់មួយទៅយុវជនជំនាន់មួយ ឬជាការផ្សារភ្ជាប់រវាងយុវជនអតីត បច្ចុប្បន្ន និងអនាគត ពីបុគ្គលទៅសហគមន៍ ហើយទៅកាន់ប្រជាជាតិ តាមរយៈការលើកកម្ពស់តម្លៃសន្តិភាព សន្តិសុខ សុវត្ថិភាពនិងផ្តល់សិទ្ធអំណាចដល់យុវជនដែលមានការអត់ឱន និងធន់ក្នុងសហគមន៍។

ជាសរុប លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ស្ថិតក្នុងន័យនេះ បើពោលក្នុងន័យនយោបាយវិញ ក្នុងការប្រកួតកីទ្បាបាល់ទាត់ដើម្បីសាទរកម្ពុជា ក្នុងទិវាសន្ដិភាពនេះ បានឆ្លុះបញ្ចាំងអំពី របៀបដែលអ្នកដឹកនាំសន្តិភាពបន្តវេនវ័យក្មេង បានរួបរួមគ្នាជាក្រុមដោះស្រាយបញ្ហាជាច្រើននៅក្នុងសង្គមជាបន្តបន្ទាប់និងបន្ទាន់ៗដែលមានភាពតានតឹង ឬការគំរាមកំហែងពីខាងក្រៅដែលជះឥទ្ធិពលអវិជ្ជមានដល់សង្គមតាមរយៈវប្បធម៌សន្ទនា ក្នុងបរិយាកាសគ្មានការគំរាមកំហែង និងឈរលើស្មារតីយកផលប្រយោជន៍ជាតិជាធំប្រកបដោយសន្តិភាព។

ដូច្នេះក្នុងការរក្សាអព្យាក្រឹតភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្ដនយោបាយ ឈរលើសមធម៌ ការគោរពជឿទុកចិត្ត ទំនួលខុសត្រូវ ត្រូវបានរចនាឡើងដោយទស្សនវិជ្ជាដ៏ច្បាស់លាស់របស់សម្ដេចបវរធិបតី ជាមេដឹកនាំទ្រសន្ដិភាពបន្ដវេនដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងភូមិសាស្រ្ដនយោបាយ និងលើកកម្ពស់ការផ្សះផ្សាសហគមន៍ទាំងក្នុងតំបន់ និងពិភពលោកដោយសន្ដិភាព៕