(ឧត្តរមានជ័យ)៖ មន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ និងសាលាគណខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្រោមវត្តមានលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងលោក ម៉ៅ សារាវុទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះមេគណខេត្ត ថ្នាក់ដឹកនាំសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា, មន្ត្រីសង្ឃក្រុង ស្រុក, ព្រះគ្រូចៅអធិការ, អាចារ្យ, គណៈកម្មការវត្ត និងសាសនាផ្សេងៗទៀត។

លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ បានថ្លែងជម្រាបជូនសង្ខេប អំពីសកម្មភាព និងលទ្ធផល នៃការអនុវត្តវិស័យសាសនានៅក្នុងខេត្ត ដែលរហូតមកដល់ពេលខេត្តឧត្តរមានជ័យមាន វត្តសរុបចំនួន១០៣វត្ត មានព្រះសង្ឃចំនួន៧២៣អង្គ ភិក្ខុមានចំនួន៣៤៨អង្គ និងសាមណេរមានចំនួន៣៧៥អង្គ។ ក្នុងនោះវត្តគណៈធម្មយុទ្ធនិកាយមានចំនួន១៥វត្ត មានព្រះសង្ឃ១២២អង្គ ភិក្ខុ៤១អង្គ និងសាមណេរ៨១អង្គ។ មានអាចារ្យវត្ត២៥៨នាក់ គណៈកម្មាការ៣១៤នាក់ តាជី១១៤នាក់ ដូនជី២៣០នាក់ សិស្សនិស្សិត្យ៤៦នាក់ និងក្មេងវត្ត២៣នាក់។

លោកប្រធានមន្ទីរបានថ្លែងបន្តថា ចំពោះវិស័យពុទ្ធកសិក្សា បានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ រហូតដល់ថ្នាក់ពុទ្ធកបឋមសិក្សារួមមាន៖មានសាលាធម្មវិន័យចំនួន៧សាលា មានចំនួន៩ថ្នាក់ មានសមណៈសិស្សថ្នាក់ ត្រី ទោ ឯក ចំនួន១៩២អង្គ/នាក់ គ្រូមានចំនួន១៥អង្គ/នាក់ គ្រូក្របខ័ណ្ឌ២នាក់ ក្នុងនោះស្រីម្នាក់ និងគ្រូជាប់កិច្ចសន្យាចំនួន១៣អង្គ/នាក់ ស្រី៤នាក់។ នៅឆ្នាំ២០២៤-២០២៥ សមណសិស្សបានដាក់ពាក្យត្រៀមប្រឡង យកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ចំនួន១៥៥អង្គ/នាក់ កាលបរិច្ឆេទនៃការប្រឡងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

លោក ឆឹម តឿ បានថ្លែងបញ្ជាក់ថា មន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ មិនមែនមានភារកិច្ចបម្រើតែវិស័យព្រះពុទ្ធសាសនានោះទេ ចំណែកឯវិស័យ៣ហិរសាសនា ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺមន្ទីរ បានបំបេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខដុមរមណីយកម្មវិស័យសាសនា បង្កលក្ខណៈងាយស្រួលជូនប្រជាជនមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានវិហារសាសនាឥស្លាមចំនួន៤កន្លែង សាសនាគ្រិស្ដ៣១កន្លែង និងសាសនាមហាយាន មានបាហៃសាសនា១កន្លែង។

ថ្លែងបើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្នុងឱកាសនោះលោក ស៊ឹម វុទ្ធា ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីឱ្យវិស័យកិច្ចការព្រះពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាព ពុទ្ធសាសនិកជនគួរយកចិត្តទុកដាក់បន្ថែមទៅលើវិស័យពុទ្ធកសិក្សា ជាការចាំបាច់ដែលត្រូវពង្រឹង និងពង្រីកនៅគ្រប់ទីកន្លែងដែលសមស្រប ត្រូវប្រកាន់ភ្ជាប់នូវពុទ្ធឱវាទ ធ្វើជាប្រទីបបំភ្លឺផ្លុវសម្រាប់អប់រំ ចរិយាធម៌ ជម្រៈចោលនូវគំនុំច្រណែននិន្ទា ប្រកបដោយអហឹង្សា។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។

ក្នុងនាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោក សុឹម វុទ្ធា សូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ និងជាទីកន្លែងគោរពបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

លោកអភិបាលរងខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្តល់អនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្តដូចខាងក្រោម៖
*បន្តរៀបចំរចនាសម្ព័ន្ធតែងតាំង ឫចាត់តាំងឱ្យបានគ្រប់វត្តអារាម ដោយផ្អែកលើព្រះសង្ឃប្រកាស សេចក្តីណែនាំរបស់គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា។
*បន្តដោះស្រាយអធិការណ៍ក្នុងព្រះពុទ្ធសាសនា ដោយផ្អែកលើសង្ឃប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ជៀសវាងការប្រើឥទ្ធិពលណាមួយមិនសមស្របធ្វើឱ្យប៉ះពាល់ និងបាត់បង់ក្រមសីលធម៍របស់សង្គម។
*ពិនិត្យសកម្មភាពធ្វើអាជីវកម្មលើសាសនា កេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ លាភសក្ការៈ តាមគ្រប់រូបភាពដូចជា៖ការឃោសនា រៃអង្គាស តាមទីប្រជុំជនសាធារណៈ ធ្វើឱ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា។
*បន្តពង្រឹងគ្រប់វត្តអារាម ផ្នែករដ្ឋបាល គណនេយ្យភាព ប្រកបដោយតម្លាភាពលើការងារគ្រប់គ្រងស្ថិតិគរុភណ្ឌ លហុភណ្ឌ«ទ្រព្យសម្បត្តិវត្តឱ្យបានត្រឹមត្រូវ»។
*ពិនិត្យទៅលើការសាងសង់ និងជួសជុលសំណង់ព្រះពុទ្ធសាសនា ត្រូវមានប្លង់ស្ថាបត្យកម្មច្បាស់លាស់ ជៀសវាងការសាងសង់ដោយគ្មានគុណភាព និងខុសរចនាបទរបស់ព្រះពុទ្ធសាសនា។
*បន្តយកចិត្តទុកដាក់លើការចុះបញ្ជីដីគរុភណ្ឌវត្ត «ទ្រព្យសម្បត្តិរដ្ឋ»។
*គណៈសង្ឃគ្រប់លំដាប់ថ្នាក់ បន្តលើកទឹកចិត្តមន្ត្រីសង្ឃនិងព្រះសង្ឃទូទាំងខេត្ត អប់រំសីលធម៍ ចរិយាធម៍ និងធម៍វិជ្ជាដល់កុលបុត្រកុលធីតាខ្មែរ ក្នុងសាលាសាធារណៈ «សាលារបស់រដ្ឋ» និងតាមសហគមន៍នានា ដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ សុចរិតធម៌ និងការចែករំលែកជាវិជ្ជមានក្នុងសង្គម។
*មន្ត្រីសង្ឃគ្រប់ឋានានុក្រម គ្រប់ជាន់ថ្នាក់ ទាំងពីរគណៈ ក្នុងនោះរួមមាន៖ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះចៅអធិការ គប្បីបន្តការយកចិត្តទុកដាក់ ក្នុងការរៀបចំពង្រឹងពុទ្ធកសិក្សា។
*អំពីការផ្សព្វផ្សាយព្រះធម៌របស់បុព្វជិត ភិក្ខុ សាមណេរ ជាធម្មកថិកជាអ្នកសម្តែងធម៌ត្រូវធ្វើឡើង ឱ្យស្របតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស។
*សម័យកាលនេះជាសម័យកាលសកលភាវូបនីយកម្ម ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើប ហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍វិជ្ជមានជាច្រើនដល់សង្គមមនុស្ស។

ជាមួយគ្នានេះ លោក ស៊ឹម វុទ្ធា ក៏បានថ្លែងឲ្យអង្គសន្និបាត មន្ត្រីសង្ឃលើកទី៣២នេះ​ បន្តពិភាក្សាលើប្រធានបទចំនួន២គឺ៖ វិស័យពុទ្ធិកសិក្សា និងតួនាទីភារកិច្ច របស់ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការ ឲ្យបានផុលផុស ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ តាមវត្តនីមួយៗ៕