(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់លោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោក ប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៩៨នាក់ រស់នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា អំណោយទាំងអស់នេះត្រូវបានផ្ដល់ជូនលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

លោកក៏បានផ្តាំផ្ញើ ដល់លោកតា លោយយាយ បងប្អូនទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគ​ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថានឱ្យបានគង់វង្ស ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងត្រៀមបង្ការពីផលប៉ះពាល់​ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ 

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោក តែងតែយកចិត្តទុកដាក់ឆ្លើយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរើសអើងអ្វីទាំងអស់ បន្ថែមលើនេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារសុខសន្តិភាព ដែលរកមកដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយសូមបងប្អូនកុំជឿតាមការឃោសនា អកុសលនានា ដែលនាំឱ្យបំផ្លាញសុខសុភមង្គល គ្រួសារ និងសង្គមជាតិយើង។  

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនិងលោកយាយលោកតាដែលមានជីភាពខ្វះខាតចំនួន ១៩៨នាក់ ក្នុង១នាក់ទទួលបាននូវ៖ ភួយ០១ មុង០១  មី០១កេស ថ្នាំពេទ្យ ធុង០១  និងឃីត០១ផងដែរ៕