(កំពង់ឆ្នាំង)៖ ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែងស្ថិតនៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងបងប្អូនខ្មែរឥស្លាម២គ្រួសារ ជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដែលបានអូសបន្លាយជាយូ រមកហើយនោះ មកដល់ពេលនេះមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយនោះទេ បើទោះជាករណីនេះកន្លងមកមានកិច្ចអន្តរាគមន៍ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរខេត្តចុះពិនិត្យ និងធ្វើការដោះស្រាយជូនពលរដ្ឋជាបន្ទាន់ក៏ដោយ។

ករណីវិវាទដីធ្លីខាងលើនេះបន្ទាប់ពីមានកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាមកលោកអភិបាលខេត្តកំពង់ឆ្នាំង ឱ្យចុះពិនិត្យ និងដោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋ ខណៈនោះលោកអភិបាល ខេត្តក៏បានខ្នះខ្នែង អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដោយលោកបានសរសេរលិខិត១ច្បាប់គោរពជូនលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំចាត់អញ្ជើញ ក្រុមការងាររបស់រដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរខេត្ត ចុះពិនិត្យភូមិសាស្ត្រទីតាំងដីទំនាស់រវាងប្រជាពលរដ្ឋ២គ្រួសារ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាបន្ទាន់ផងដែរ។

បន្ទាប់មកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំមួយដែលដឹកនាំដោយលោកអភិបាលខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅនៅសាលាស្រុកកំពង់ត្រឡាច ដោយមានសមាសភាពចូលរួមមានលោកអភិបាល​រងខេត្ត, លោកអភិបាលស្រុកកំពង់ត្រឡាច, លោកមេឃុំឈូកសលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រួមទាំងលោកប្រធានមន្ទីរ និងប្រធានការិយាល័យពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនោះ ​លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បាននិយាយថា ដីស្ថានីយ៍នេះគឺរដ្ឋបាលព្រៃឈើបានខ្ចីដីនេះពីពលរដ្ឋយកមកប្រើប្រាស់ក្នុងការងារដាំកូនឈើរបស់រដ្ឋ ដូច្នេះលោកស្នើសុំឲ្យមានការកាត់ជ្វៀលជូនពលរដ្ឋវិញ។

យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងដែលបានចូលរួមប្រជុំបានបញ្ជាក់ថា ទំហំ ផ្ទៃដីដែលបានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋស្ថិតក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះ មានចំនួន២ក្បាលដី៖ ១-ផ្ទៃដីទំ ហំ ១ហិកតាជាដីទីតាំងស្ថានីយ៍ថ្នាលបណ្ដុះកូនឈើ, ២-ផ្ទៃដីសម្រាប់ដាំឈើឡើងវិញមានទំហំ៤០០ហិកតា។

ចំណែកដីទីតាំងស្ថានីយ៍បណ្ដុះកូនឈើគឺពលរដ្ឋទាំង ២នាក់ ១៖ ឈ្មោះ លី លាស់ ភេទប្រុស និង២៖ ឈ្មោះ នី សាលីខ ភេទស្រី ទាំង២នាក់នេះ រស់នៅភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង ដាក់ពាក្យបណ្ដឹងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងពីបទ៖ រំលោភកាន់កាប់ដីស្ថានីយដាំដើមឈើ តាមរយៈ លិខិតលេខ ០១២ ខរព.កឆ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ តែសំណុំរឿងនេះត្រូវ បានអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តម្កល់រឿងទុកឥតចាត់ការលេខ ១៣៧៩ អ.យ/០១៧ចុះថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៧ ដោយសារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជាភាគីដើមបណ្ដឹងខ្វះឯកសារ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក៏មានកិច្ចប្រជុំមួយទៀត ដែលមានសមាសភាពចូលរួមពីក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងនោះក្រុមការងារក៏បានចុះពិនិត្យ និងវាយតម្លៃករណីស្ថានីយដាំកូនឈើស្ថិតនៅភូមិអូររូងឃុំឈូកស ស្រុកកំពង់ត្រឡាចជាក់ស្ដែង ដែលដីនេះបច្ចុប្បន្នត្រូវបានគណៈអភិបាលខេត្តកំពង់ឆ្នាំង ស្នើសុំកាត់ជ្វាលឱ្យទៅប្រជាពលរដ្ឋទាំង២គ្រួសារខាងលើ។

នៅក្នុងកំណត់ហេតុអង្គប្រជុំខាងលើនេះដែរ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា លោកក៏នៅតែរក្សាជំហរដដែលតាមសំណើដែលបានស្នើដោយលោកអភិបាលខេត្ត បានស្នើទៅក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក គឺស្នើសុំកាត់ជ្វាលដីស្ថានីយ៍ខាងលើនេះជូនប្រជាពលរដ្ឋទាំង២គ្រួសារនេះវិញ។ ក្នុងនោះលោកអភិបាលរងបានបញ្ជាក់ថា មូលហេតុដែលខេត្ត ស្នើសុំកាត់ឃ្វៀល​ជូនប្រជាពលរដ្ឋ ដោយសារតែផ្អែកទៅលើ គុណសម្បត្តិ នៃក្រុមគ្រួសារទាំង២ ដែលម្នាក់ធ្លាប់ធ្វើជាប្រធានសមាគមនារីឃុំ និងម្នាក់ទៀតជាអតីតប្រធានភូមិផង និងក៏ដូចជា មានការអះអាងបញ្ជាក់ពីពលរដ្ឋ និងអាជ្ញាធររស់នៅក្នុងមូលដ្ឋានផងដែរ។

ក្នុងនោះលោកក៏បានស្នើសុំឲ្យភូមិបាលស្រុក និងខណ្ឌរដ្ឋបាលព្រៃឈើពិនិត្យមើលទំហំដីឲ្យបានច្បាស់លាស់ពីព្រោះថា ដីទំហំ៤០០ហិកតាដែលខណ្ឌរដ្ឋបាលព្រៃឈើអះអាងថា បានចុះបញ្ជីសារភ័ណ្ឌទ្រព្យ​សម្បត្តិរបស់រដ្ឋរួចហើយ តែមិនទាន់ដឹងព្រំប្រទល់នៅត្រង់ណាឱ្យច្បាស់លាស់នៅឡើយ ព្រោះបច្ចុប្បន្នបើពិនិត្យជាក់ស្ដែងទាំងដីទំនាស់និងដី៤០០ហិកតា នោះសុទ្ធតែមានរបង ដែលពលរដ្ឋបង្កបង្កើនផល​នឹងដីខ្លះទៀតមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)អស់ទៅហើយ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា ចំពោះដីដែលពួកគាត់ទាំង២នាក់ បានអះអាងថា ធ្លាប់បានអាស្រ័យផល និងកាន់កាប់ជាយូរមកហើយនោះ គឺសុំកាត់ឃ្វៀលជូនពួកគាត់ទាំងស្រុង តែបើមិនបានសុំឲ្យគាត់អាស្រ័យផល ចំណែកឯដីស្ថានីយ៍៤០០ហិកតា ក៏ត្រូវរួសរាន់ចុះបញ្ជីឲ្យរួចរាល់ផងដែរ។

តាមបញ្ជាក់របស់លោក ឯម វិចិត្រ នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានបញ្ជាក់ថា ដីថ្នាលបណ្ដុះកូនឈើលោកត្រូវតែការពារទុកជាសម្បត្តិរដ្ឋ ចំពោះដីចំនួន៤០០ហិកតា ដែលបានចុះបញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិរដ្ឋ ហើយបច្ចុប្បន្នត្រូវបានចុះបញ្ជីមានលក្ខណៈប្រព័ន្ធវាស់វែងជូនប្រជាពលរដ្ឋរួចហើយនោះ លោកនឹងប្ដឹងទាមទារយកដីនោះមកជាសម្បត្តិរបស់រដ្ឋវិញ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នៅក្នុងរបាយការណ៍ខាងលើនេះដែរ បានបញ្ជាក់ថា ដីនេះស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ហេតុនេះត្រូវរក្សាជំហរការពារដីរដ្ឋតាមផ្លូវច្បាប់ ព្រោះយើងមានឯកសារគ្រប់គ្រាន់ និងបានចាត់ការទៅតុលាការរួចហើយ ដោយឡែកផ្នែកខ្លះនៃដីស្ថានីយ៤០០ហិកតាត្រូវបានប្រជាពលរដ្ឋកាន់កាប់ និងមានរហូតដល់ប័ណ្ណកម្មសិទ្ធិទៀតផង ដូច្នេះត្រូវជំរុញជាបន្ទាន់គឺការចុះបញ្ជីដីធ្លី។

លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងកំណត់ហេតុខាងលើនេះ ក៏បានបញ្ជាក់ថា ពិនិត្យតាមទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែការពារដីរដ្ឋមិនអាចផ្ដល់ជូនប្រជាពលរដ្ឋ២គ្រួសារនេះបានទេ ប៉ុន្តែពិនិត្យតាមទិដ្ឋភាពនយោបាយ និងមនោសញ្ចេតនាស្រលាញ់ប្រជាពលរដ្ឋយើងត្រូវពិភាក្សា និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកសំណើជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេចបន្ត។

ជុំវិញករណីខាងលើនេះ ពលរដ្ឋទាំង២គ្រួសារ បានអះអាងថា ដីនេះពួកគាត់បានគ្រប់គ្រង និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មក តែនៅឆ្នាំ១៩៩១អង្គការ(ខុនសឺន) បានខ្ចីពីពួកគាត់​យកធ្វើថ្នាល​បណ្ដុះកូនឈើ​​ជាបណ្ដោះអាសន្ន ដែលមានលោក ទាំ អាមីន បច្ចុប្បន្នជាមេភូមិអូររូង ក្នុងឃុំតាជេស លោកមេ ឃុំឈូកស ឈ្មោះ ឡ លាស់ និងលោកអភិបាលស្រុកកំពង់ត្រឡាច ឈ្មោះលោក ចាន់ ប៉ិច និងក្រុមការ ងារជាច្រើននាក់ទៀតបាននាំលោក ជូ បៀង ប្រធានអង្គការ (ខុនសឺន)មកសុំខ្ចីដីរបស់របស់ពួកគាត់ទាំង២គ្រួសារគឺឈ្មោះ លី លាស់ អាយុ៦៩ ឆ្នាំ ជាមេភូមិអូររូង ក្នុងឃុំឈូកស(ស្លាប់) មានកូនប្រាំ៨នាក់ និងឈ្មោះ នី សាលីខ ជាអតីតប្រធាននារីឃុំឈូកសបច្ចុប្បន្នអាយុ ៧៥ឆ្នាំ មានកូននៅក្នុងបន្ទុក៤នាក់។

ពួកគាត់បានបញ្ជាក់ទៀតថា នៅឆ្នាំ២០០៧ បន្ទាប់ពីអង្គការ (ខុនសឺន) ឈប់ធ្វើក៏បានប្រគល់កូនឈើនៅលើដីនោះឲ្យទៅសហគមន៍គ្រប់គ្រងវិញ តែមិនបានប្រគល់ដីមកឱ្យម្ចាស់វិញនោះទេ ​តែពួកគាត់បានចូលទៅគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលលើដីនោះជាធម្មតាវិញ ពុំដែលមានបញ្ហាអ្វីកើតឡើងនោះឡើ យ។ស្រាប់តែនៅឆ្នាំ២០១១ លោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានមកអះអាងថា ដីនេះជាដីរបស់រដ្ឋបាលព្រៃឈើទៅវិញដោយសំអាងទៅលើពាក្យស្នើសុំចុះបញ្ជីលេខ៤៨/១១ចុះថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១១ ក្នុងលិខិតនោះបានបញ្ជាក់ថា ជាដីរដ្ឋឲ្យសម្រាប់សាងសង់ ទើបបង្កើតទៅ ជាវិវាទតាំងពីពេលនោះមកលុះនៅឆ្នាំ២០១៧ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្ដឹងពួកគាត់ទៅតុលាការចោទពីបទៈ រំលោភកាន់កាប់ដីស្ថានីយ៍ដាំដើម ឈើដែលជាបទព្រហ្មទណ្ឌ។

ចំណែកលោក លី លាស់ មេភូមិអូររូង គាត់ធ្លាប់បានអះអាងថា ដីនេះគឺគាត់គ្រប់គ្រង និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មានទាំងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ត្រឹមត្រូវ​ស្របតាមច្បាប់។ ចំណែកខណ្ឌរដ្ឋបាលព្រៃឈើទើបតែធ្វើលិខិតកាន់កាប់ដីនេះនៅឆ្នាំ២០១១នេះទេ។ រីឯលិខិតកាន់កាប់ដីរបស់លោកមេភូមិ លី លាស់ ក៏មានការទទួលស្គាល់ និងដឹងឮ ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពិសេសមានការទទួល ស្គាល់ពីអាជ្ញាធរភូមិទាំង៦ នៅក្នុងឃុំឈូកសទាំងមូល រួមទាំងអាជ្ញាធរឃុំ -ស្រុក និងមន្ត្រីភូមិបាលស្រុក ក៏ទទួលស្គាល់ថា លិខិតកាន់កាប់ដីរបស់គាត់នេះមានគល់បញ្ជី តម្កល់នៅភូមិបាលស្រុកផងដែរ។

ពួកគាត់ទាំងពីរគ្រួសាររួមនឹងប្រជាពលរដ្ឋក្នុងភូមិបានទទូចស្នើសុំឲ្យថ្នាក់ដឹកនាំ ពិសេសសំពះគោរពស្នើសុំដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំសម្ដេចមេត្តាជួយផ្ដល់ដីនេះ​មកឱ្យពួកគាត់វិញ ដោយក្តីសន្តោសប្រណីផង ព្រោះដីនេះពិតជាដីរបស់ពួកគាត់កាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយប្រាកដមែនពួកគាត់ពុំមានគំនិតទុចរិតចង់ទាមទារ ឬបន្លំយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិនោះទេ។

ដោយឡែកលោក ទាំ អាមីន មេភូមិអូររូង ឃុំតាជេស ដែលលោក និងលោកមេឃុំ រួមទាំងលោកអភិ បាលស្រុក បាននាំមន្ត្រីអង្គការ (ខុនសឺន) មកខ្ចីដីពីពលរដ្ឋទាំងពីរគ្រួសារខាងលើនេះដោយផ្ទាល់ បានបញ្ជាក់ថា លោកហ៊ានធានាអះអាងថា លោកពិតជាបាននាំលោក ជូ បៀង ប្រធានអង្គការ(ខុនសឺន) មកខ្ចីដីនេះពីពលរដ្ឋទាំង២គ្រួសារពិតប្រាកដមែន បច្ចុប្បន្នអ្នកទាំងអស់នៅរស់នៅឡើយទេ អាចហៅមកតទល់គ្នាជាមួយនឹងលោកក៏បានដែរ។

ចំណែកលោក កូប មីន ជាមេភូមិអូររូង ក្នុងឃុំឈូកស ក៏បានអះអាងដែរថា ដីទំនាស់ខាងលើនេះគឺស្ថិតនៅក្នុងភូមិរបស់លោកគ្រប់គ្រង រួមទាំងដី៤០០ហិកតា ដែលខណ្ឌរដ្ឋបាលព្រៃឈើបានអះអាងថា បានចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរបស់រដ្ឋខាងលើនេះដែរ។

តែបច្ចុប្បន្នដីទាំងអស់ស្ថិតក្នុងភូមិអូររូងនេះ គឺត្រូវបានមន្ត្រីជំនាញវាស់វែងចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើម្បីចេញប័ណ្ណរឹងជូនប្រជាពលរដ្ឋអស់ហើយ រួមទាំងដី៤០០ហិកតាដែលរដ្ឋបាលព្រៃឈើអះអាងថាជាដីទ្រព្យរបស់រដ្ឋផងដែរ។ លោកបានបញ្ជាក់ទៀតថា ក្នុងភូមិអូររូង ដែលលោកគ្រប់គ្រងនេះមានចំនួន១៩៦ក្បាលដី ត្រូវបានមន្ត្រីជំនាញសុរិយោដីចុះប ញ្ជីវាស់វែងជូនប្រជាពលរដ្ឋអស់ហើយ នៅសល់តែ៣ក្បាលដីតែប៉ុណ្ណោះដែលកំពុងមានទំនាស់ ក្នុងនោះរាប់ទាំង២ក្បាលដី របស់ពលរដ្ឋ២គ្រួសារ ដែលកំពុងមានទំនាស់ជាមួយខណ្ឌរដ្ឋបាលព្រៃឈើនេះដែរ។

បើតាមរបាយការណ៍របស់លោកអភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ចំពោះដីចំនួន៤០០ហិកតា ដែលខណ្ឌរដ្ឋបាលព្រៃឈើអះអាងថា ជាដីចំការព្រៃ ដាំរបស់សង្កាត់រដ្ឋបាលព្រៃឈើស្រុកកំពុងត្រឡាចនោះ គឺមិនមានទេ ព្រោះបច្ចុប្បន្ននេះជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានបង្កបង្កើនផលអស់ហើយ ក្នុងនោះមានភូមិអូររូង ភូមិទួល ភូមិស្នាពេជ្រ ភូមិព្រៃពា ភូមិស្តុកលិច ភូមិក្រសះថ្មី ព្រមទាំងវិទ្យា ស្ថានបូលីណូ ក៏ស្ថិតនៅក្នុងដី៤០០ហិកតានេះផងដែរ។

អំពីថ្នាលបណ្ដុះកូនឈើនៅឆ្នាំ១៩៩០អង្គការ (ខុនសឺន) បានមកសុំទីតាំងធ្វើថ្នាលបណ្ដុះកូនឈើកាល ណោះគឺបានសុំយកទីតាំងភូមិអូររូង ឃុំឈូកស បន្ទាប់ពីមានការឯកភាពគ្នាមកលោក ជូ បៀង ប្រធាន​អង្គកា (ខុនសឺន) សម្រេចខ្ចីដីរបស់លោកមេភូមិអររូង ឈ្មោះ លី លាស់ ដើម្បីធ្វើជាថ្នាលបណ្ដុះកូនឈើរហូតមកដល់ឆ្នាំ២០០៧ទើបអង្គការ (ខុនសឺន) បានបញ្ចប់អាណត្តិទៅ លោក លី លាស់ក៏បានកាន់កាប់ដីនោះ ជាប់រហូត មកដោយមានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីដោយមានការបញ្ជាក់ពីការិយាល័យ ភូមិបាលស្រុក ថាពិតជាមានគល់បញ្ជីនៅការិយា ល័យ ដ.ន.ស.ភ តាំងពីឆ្នាំ១៩៨៩មកម៉្លេះ ព្រមទាំងមានលិខិតបំភ្លឺពីអាជ្ញាធរភូមិ-ឃុំ-ស្រុក ដែលបានដឹ ងឮតាំងពីកាលណោះរហូតមក។

យោងតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញលិខិតលេខ៧ ១៧២ សហវ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២ ០១៦ ឲ្យពន្លឿនការអនុវត្តនីតិវិធីក្នុងការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្ប ត្តិរបស់រដ្ឋ នូវអចលនៈវត្ថុរួមមាន៖ដី និងកន្លែងស្នាក់នៅ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ឬមន្ត្រីរាជការជាកម្មសិទ្ធិស្របច្បាប់ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕