(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់យុវជនយុវនារីទាំងអស់ សូមចូលរួមធ្វើអំពើល្អក្នុងសង្គម ព្រមទាំងចែករំលែក បង្ហោះខ្លឹមសារ រូបភាពល្អ ក្តីស្រឡាញ់ និងសកម្មភាពល្អៗនៅរបស់ សង្គមតាមបណ្តាញសង្គមឲ្យបានច្រើន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានព្រមានចាត់វិធានការមិនលើកលែងជាដាច់ខាត ចំពោះក្រុមក្មេងទំនើងដែលបង្ក និងប៉ុនប៉ងបង្កបទល្មើសនៅក្នុងសង្គម បើទោះបីជាក្រុមក្មេងទំនើងទាំងនោះ ជាកូនចៅរបស់នរណាក៏ដោយ។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានជូនសារថា ក្នុងនាមជាយុវជនត្រូវតែធ្វើយ៉ាងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ច្នៃប្រឌិត បង្កើតចំណេះដឹង មានសីលធម៌ល្អ ដើម្បីធ្វើយ៉ាងចូលរួមជួយរុញច្រានកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត គ្រាដែលបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។ នាយឧត្តមសេនីយ៍ ស ថេត បានគូសរំលេចថា «យុវជនគ្រប់រូប គឺជាកម្លាំងដ៏ធំសម្រាប់លើកមុខមាត់ និងកិត្យានុភាពរបស់កម្ពុជា ក្នុងយុគសម័យឌីជីថលនេះ»

នាយឧត្តមសេនីយ៍ ស ថេត បានជូនសារទៅក្រុមទំនើងយ៉ាងដូច្នេះថា «មិនគិតបង្ហោះរឿងល្អៗនៅក្នុងសង្គមសោះ គិតតែរឿងពាល ហើយបើរឿងពាលចឹង យើងអនុវត្តតាមច្បាប់ អត់មានគិតកូនចៅនរណាទេ គឺត្រូវតែបង្ក្រាប ដើម្បីធ្វើឲ្យសង្គមយើងមានភាពស្ងប់ស្ងាត់។ ហេតុអ្វីពួកគេ មិនគិតយកសកម្មភាពល្អៗ នៅក្នុងសង្គមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ច មកបង្ហោះតាមបណ្តាញសង្គម? ហេតុអ្វីធ្វើតែរឿងអសិលធម៌ និងរឿងពាល អួតពីការកាប់ចាក់គ្នាចឹង យើងមិនលើកលែងជាដាច់ខាត!»។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, កងកម្លាំងនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធកំពុងតែបើកប្រតិបត្តិការយ៉ាងក្តៅគគុក បង្ក្រាបក្រុមក្មេងទំនើងជាច្រើននាក់ ដែលជាមុខញ្ញាបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕