(ភ្នំពេញ)៖ ក្រុមគ្រួសារកីឡាតេក្វាន់ដូ WT នៅទូទាំងប្រទេស បានសម្តែងក្តីសោមនស្សរីករីករាយ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូសម្រាប់អាណត្តិទី៧ (២០២៤-២០២៨)។
ការបោះឆ្នោតនេះធ្វើឡើងនៅក្នុងមហាសន្និបាតរបស់ខេមរសហព័ន្ធតេក្វាន់ដូកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃការទទួលបានការគាំទ្រពីមហាសន្និបាតខេមរសហព័ន្ធតេក្វាន់ដូ ធ្វើជាប្រធានសម្រាប់អាណត្តិទី៧នេះ ក្រុមគ្រួសារកីឡាតេក្វាន់ដូ WT គោរពជូនលោកបណ្ឌិតសភាចារ្យ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបតែសេចក្តីសុខ សេចក្តីចម្រើ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ (២០២០-២០២៤) និងបន្តអាណត្តិទី៧ (២០២៤-២០២៨) របស់ខេមរសហព័ន្ធតេក្វាន់ដូ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ស្ថាប័ន KUKKIWON ប្រចាំកម្ពុជា។
ក្នុងពិធីនោះលោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ នៅក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសចំពោះកីឡាតេក្វាន់ដូនេះផ្ទាល់ កំណែទម្រង់វិស័យកីឡាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដែលចាប់ផ្ដើមពីការកែលម្អបរិស្ថាន ធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកហាត់កីឡា ក៏ដូចជារៀបចំឱ្យមានការប្រកួតកម្រិតអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តបានរលូនល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឱ្យស្រឡាញ់វិស័យកីឡា ជាពិសេសបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» របស់រាជរដ្ឋាភិបាល។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកពាក់ព័ន្ធនៃខេមរសហព័ន្ធតេក្វាន់ដូ ដែលសម្រេចបានសមិទ្ធផលនាពេលកន្លងមកនេះ និងលើកទឹកចិត្តដល់គ្រូបង្វឹកកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ និងជាពិសេសត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕