(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងភរិយា អមដំណើរដោយអភិបាលរង នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី អាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានី ចុះពិនិត្យលើការរៀបចំ សណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ដែលនឹងប្រារព្វធ្វើឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យ និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានចុះពិនិត្យមើលការលក់ដូរបស់បងប្អូនអាជីករ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិតផលក្នុងស្រុក និងក្រៅស្រុក តាបតូប ស្តង់ ជាប់មាត់ទន្លេ សំណាលសំណាលសួរសុខទុក្ខពួកគាត់ ក៏ដូចអ្នកទិញ អ្នកមកដើរកំសាន្តយ៉ាងរាក់ទាក់។

អភិបាលរាជធានីភ្នំពេញ បានពិនិត្យនៅទីតាំងមុខបរមរាជវាំង ដែលជាទីតាំងធំសំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia»។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ក៏ដូចជា កងកម្លាំងទាំងអស់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំ នៅក្នុង និងក្រៅពិធី។ ចំណែកការរក្សាអនាម័យ បរិស្ថាន ក៏ជាការងារ ដែលត្រូវយកចិត្តទុកដាក់ដោយលោក ឃួង ស្រេង បានណែនាំឱ្យអភិបាលរងទទួលបន្ទុក ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាម ធ្វើសកម្មភាពជាប្រចាំពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក ស្តីពីការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ២០២៤ Celebrating Cambodia របស់សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានឲ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។

ចំណែកលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២៤នេះ ចូលឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានរៀបចំប្រគុំតន្រ្តីខ្នាត ធំចំនួន៤ទីតាំង ក្នុងនោះ រួមមាន៖

*ទី១៖ ក្រុមហ៊ុន Naga World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។
*ទី២៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រៀបចំកម្មវិធីសាទរកម្ពុជា នៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។
*ទី៣៖ ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លាសួនច្បារ វត្តបុទុមវតី ផ្នែកខាងត្បូង។
*ទី៤៖ ទូរទស្សន៍បាយន្ត មានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វា ចាប់ពីថ្ងៃទី២៩-៣១ ខែឆ្នូ ឆ្នាំ២០២៤។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ ក្រៅពីទីតាំងខាងលើនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឬមជ្ឈមណ្ឌលកម្សាន្តឯកជននានា ក៏មានកម្មវិធី របស់ខ្លួនទៅតាមទំហំ ទីតាំងជាក់ស្តែងរបស់គេដែរ៕