(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។

ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និង អភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។

ចំពោះការរួមចំណែកថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក, សម្ដេចបវរធិបតី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងវត្តអារាមនៅសហរដ្ឋអាមេរិក របស់លោក Chris Larsen និងលោកស្រី Lyna Lam។

សម្ដេចក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់សហគមន៍ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និងសិល្បៈ, ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្ស វប្បធម៌ និងប្រពៃណីខ្មែរ បន្ថែមទៀត និងរីករាយចំពោះបំណង និងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។

សម្ដេចបវរធិបតីបានជម្រាបជូនអំពីសមិទ្ធផល និងវឌ្ឍនភាពនៃគោលនយោបាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស, ការអភិវឌ្ឍវិស័យអប់រំ, និងការបង្កើតការងារសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕