(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូន
លោកបណ្ឌិត អំ ប៊ីឡា (Om Birla) ប្រធានរដ្ឋសភាឥណ្ឌា ចំពោះមរណភាពរបស់ លោកបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោកសៅជាពន់ពេក ក្រោយបានទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ លោកបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជូន ចំពោះលោកប្រធាន និងតាមរយៈលោក សូមជូនចំពោះក្រុមគ្រួសារនៃសព ក្នុងគ្រាដ៏សោកសង្រេងនេះ»។
សម្តេចរដ្ឋសភាធិបតី បានបន្ដថា លោកមបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង គឺជារដ្ឋបុរសប្រកបដោយទស្សនៈវិស័យ ភាពជាអ្នកដឹកនាំ និងការ រួមចំណែកដ៏ធំធេង ដែលបានបន្សល់ទុកនូវកិត្យានុភាពដល់ប្រទេសឥណ្ឌា។ លោកបណ្ឌិត គឺជាមិត្តល្អ របស់កម្ពុជា។ ក្រោមការដឹកនាំរបស់លោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរត្រូវបានពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លា ដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើងទាំងពីរ។ កិត្តិនាម និងស្នាដៃដ៏ស្ញប់ស្ញែងរបស់លោកបណ្ឌិត នៅតែបន្តឧត្តមគតិដល់មនុស្សគ្រប់ៗជំនាន់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោកប្រធាន និងប្រជាជនឥណ្ឌាទាំងអស់ ចំពោះការបាត់បង់មេដឹកនាំដ៏អស្ចារ្យរូបនេះ។ យើងខ្ញុំសូមឧទ្ទិសបួងសួង និង រំលែកទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនឥណ្ឌា៕