(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើជូននាយឧត្តមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាព របស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំឥតឧបមា ដោយបានទទួលដំណឹងមរណភាព លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ជីដូនជាទីគោរពស្រឡាញ់បំផុត មិនអាចកាត់ថ្លៃ បានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែលតែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

លោកជំទាវធម្មសទ្ធាភិរ័ត្នសិរី វិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកគាំពារ និង ជ្រោមជ្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយឆន្ទៈមនសិការដ៏ មុះមុតក្នុងបុព្វហេតុជាតិមាតុភូមិ។
លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា សពរបស់លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន កំពុងសពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ផ្ទះលេខ៥៩ ផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕