(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
ការប្រកាសដាក់ចេញយុទ្ធនការសំអាតផ្លូវជាតិ ខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវ នាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។
យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ និងស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង៩,៧លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន ៣,៦លានអង្គ/នាក់។
នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០២៣។ យុទ្ធនការនឹងបន្ត ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។
គួរបញ្ជាក់ដែរថា ភាពស្អាតគឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕