(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសមានចិត្តដ៏ថ្លៃថ្លា​នៃការចូលរួមរំលែកមរណទុក្ខដ៏​ក្រៀម​ក្រំ​ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ មានទុក្ខយ៉ាង​ក្រៀមក្រំ ចំពោះការទទួលមរណភាព​របស់លោកស្រីអគ្គមហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយា។

ក្នុងលិខិតថ្លែងអំណរគុណគោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តម​សេនីយ៍ ម៉ឹង សំផន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ នាយ​ឧត្តមសេនី​យ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សូម​ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅគោរព​ជូនចំពោះសម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែង​តែយក​ចិត្តទុកដាក់ និងចូលរួមរំលែក​ទុក្ខ​លំបាកទាំងឡាយរបស់ខ្ញុំបាទ និងក្រុមគ្រួសារ។

ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងក្រុមគ្រួសារ គោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចទាំងទ្វេ ព្រមទាំង​បុត្រា-បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមទទួលបាននូវសុខ​ភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និង សូមប្រកបតែ​សេចក្តី​សុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២​នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះ​ស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំង​អស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ច​កាលតែង​តែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវសមាន​ទុក្ខដ៏ក្រៀមក្រំជាមួយនាយឧត្តមសេនីយ៍ ម៉ឹង សំផន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ជីដូនជាទីគោរពស្រឡាញ់បំផុត មិនអាច​កាត់ថ្លៃ បានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែល​តែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូត​ក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

សម្តេចតេជោ បានគូសបញ្ជាក់ថា លោកស្រីធម្មសទ្ធាភិរ័ត្នសិរី វិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកគាំពារ និង ជ្រោមជ្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយឆន្ទៈមនសិការដ៏ មុះមុតក្នុងបុព្វហេតុជាតិមាតុភូមិ។ លើសពីនេះទៅទៀត មរណភាពរបស់លោកស្រី គឺជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកស្រីធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕