(កណ្តាល)៖ គ្រោះអគ្គភ័យបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល បានបណ្តាលឱ្យផ្ទះឈើ ប្រក់ក្បឿងចំនួន៤ខ្នង និងសម្ភារមួយចំនួនធំរងការ ឆាបឆេះអស់ទាំងស្រុង រីឯផ្ទះ២ខ្នងទៀតឆាបឆេះអស់មួយចំហៀង ដែលមូលហេតុដែលធ្វើឱ្យឆាបឆេះលឿន ដោយសារម្ចាស់ផ្ទះចំនួន៣ មិននៅផ្ទះ និងបានចាក់សោរចោល។

ប្រភពពីសមត្ថកិច្ចស្រុកមុខកំពូល បានឱ្យដឹងថា មកដល់ពេលនេះនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយនៅវេលាកើតហេតុខាងលើនៅសុខៗស្រាប់​តែគេ​ឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើងចេញពីលំនៅដ្ឋានរបស់ឈ្មោះ ឈី ស៊ីម៉ន ភេទស្រី អាយុ ៥៩ឆ្នាំ មានបណ្តោយ ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ និងរាលដាលទៅឆេះផ្ទះរបស់ឈ្មោះ លន់ ធួក ភេទស្រី អាយុ៥៦ឆ្នាំ ដែលមានទទឹង ៨ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ រៀបបន្ទប់ថ្មក្រោយ រួចក៏ឆ្លងទៅដល់ផ្ទះឈ្មោះ ទិត ហឹម ភេទប្រុស អាយុ ៦៨ឆ្នាំ មានបណ្តោយ ៩,៥ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ និងបានឆេះបន្ត​ទៅផ្ទះទី៤​ទៀត មានបណ្តោយ៩ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ លន់ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ ព្រមទាំងបានរាលបន្តទៅឆេះផ្ទះរបស់ឈ្មោះ កន ស៊ីថា ភេទស្រី អាយុ ៥៣ឆ្នាំ និងផ្ទះរបស់ឈ្មោះ លន់ ធឿន អស់មួយចំហៀងទៀត តែត្រូវបានឡានទឹកអន្តរាគមន៍បាញ់ពន្លត់ទាន់។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា នៅពេលឆាបឆេះភ្លាមអ្នកភូមិ និងអាជ្ញាធរបានទូរស័ព្ទទៅឡានទឹក និងជួយសង្គ្រោះភ្លាមៗដែរ ប៉ុន្តែមិនអាចចូលបានដោយសារម្ចាស់ផ្ទះទី១ ទី២ និងទី៣ មិននៅផ្ទះ និងចាក់សោរចោល ហើយក្រោយពីទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងរបស់រដ្ឋបាលស្រុកមុខកំពូលចំនួន ២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកពញាឮ ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល រថយន្តអធិការដ្ឋាននគរបាលស្រុកបាធាយ ខេត្តកំពង់ចាម រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់បុរីអាមូរី ៧មករា ១គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់គ្នា និងដោយប្រើប្រាស់ទឹកអស់ចំនួន ១១រថយន្ត និងពេលប្រមាណជាង ៣ម៉ោងទើបអាចគ្រប់គ្រងបាន និងរលត់ជាស្ថាពរ ហើយមិនមានមនុស្សណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ៕