(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាមួយនឹងការដកបានហូតវត្ថុតាងថ្នាំញៀនជិត៥០កញ្ចប់តូចធំ អាវុធកែច្នៃ១ដើម និងសម្ភារ មួយចំនួនទៀត។
លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនគ្រឿងញៀន នៅថ្ងៃទី៣០ ខែធ្ន ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ផន ជាង អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ បានបង្ក្រាបមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតក្នុងភូមិស្រែក្រសាំង ឃុំ-ស្រុក ត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ ឌីណា ហៅងោល អាយុ៣៩ឆ្នាំ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០៣កញ្ចប់តូច ធំ កាំភ្លើងកែច្នៃស្នប់ខ្យល់០១ដើម ទូរស័ព្ទដៃ០១គ្រឿង។
លោកវរសេនីយ៍ទោ ជ័យ វាសនា បានថ្លែងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចាន់ ឌីណា ហៅងោល លោកបានដឹកនាំកម្លាំងជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំប្រាសាទ បាក់អន្លូង និងអូរស្វាយ ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យមុខសញ្ញដ៏សកម្មចំនួន០២នាក់បន្ថែមទៀតមានឈ្មោះ៖
*ទី១៖ ឈ្មោះ វ៉ាញ់ ហ្វុង អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ នៅត្រង់ចំនុចខ្នងទំនប់០៥ ស្ថិតនៅក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ដកហូតបានវត្ថុតាង នូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤០កញ្ចប់ក្នុងនោះមាន០២កញ្ចប់ធំនិង៣៨កញ្ចប់តូច។
*ទី២៖ ឈ្មោះ វង្ស វិន អាយុ៣៣ឆ្នាំ (មានដីការបង្គាប់ចាប់ខ្លួន) រស់នៅភូមិ-ឃុំអូរស្វាយឃុំអូរ ស្រុកត្រពាំងប្រាសាទ ដកហូតសម្ភារវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០១កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ សម្ភារៈវេចខ្ចប់និងឧបករណ៍បម្រើឲ្យប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សរុបវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
១-ប្រភេទថ្នាំញៀនមេត្ហ្វេតាមី(ice)ចំនួនសរុប៤៤កញ្ជប់តូច និង០៥កញ្ជប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង កាំភ្លើងកែច្នៃចំនួន០១ដើម។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាត់ការតាមតិវិធីបន្ត៕