(ព្រៃវែង)៖ ប្រជាកសិករធ្វើស្រែស្រូវរដូវប្រាំងនៅក្នុងស្រុកស្វាយអន្ទរ សប្បាយចិត្តញញឹមរីករាយដោយបានការ ជ្រោមជ្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ចុះបូមទឹកជាមួយមន្ទីរជំនាញទាំងយប់កាលពីពេលកន្លងទៅនេះ។

ប្រជាកសិករដែលកំពុងតែមមាញឹកក្នុងការរៀបចំម៉ាស៊ីនបូមទឹកដាក់ស្រែ ពួកគាត់បានសំដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទឹកសម្រាប់ស្រោចស្របស្រូវរដូវប្រាំងរបស់គាត់នាឆ្នាំនេះ។

សូមបញ្ជាក់ថា ដោយឃើញថាមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋក្នុងការស្រោចស្រប់ស្រូវរដូវប្រាំងរបស់ពលរដ្ឋ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ឆ្នាំ២០២៤។

ដោយកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាទៅលើតម្រូវការនៃការប្រើប្រាស់ទឹក ពិសេសគឺការទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រព ដើម្បីបង្កបង្កើនផលស្រូវ នៅរដូវប្រាំងខាងមុខនេះ ដែលមានចំនួន៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះរួមមានស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានចុះទៅទាំងយប់ដើម្បីធ្វើការបើកនូវម៉ាស៊ីនបូមទឹកសម្រាប់ជួយស្រោចស្រប់ស្រូវរបស់ប្រជាពលរដ្ឋប្រមាណ១៧០០ហិកតា ឲ្យទាន់ពេលវេលាធ្វើយ៉ាងណាដើម្បី ឲ្យការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋទទួលបាននូវទិន្នផលខ្ពស់៕