(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ចៅអធិការវត្តប្រាសាទគោកចក មានថេរដីការថា ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស គឺដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា ព្រមទាំងលើកកម្ពស់គុណភាពសីលធម៌ និងការអប់រំក្នុងវិស័យព្រះពុទ្ធសាសនាដល់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយថែមទៀត។
មានថេរដីការយ៉ាងដូច្នេះរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ខណៈដែរព្រះគ្រូចៅអធិការ និមន្តដឹកនាំព្រះសង្ឃបើកដំណើរការកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីការថា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អប់រំ ណែនាំ ដល់សិស្សានុសិស្ស និងប្រជាពុទ្ឋបរិស័ទ ដើម្បីទទួលបានចំណេះ និងគុណវុឌ្ឍិតាមការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌។ ព្រះគ្រូចៅអធិការ មានថេរដីការបន្តថា កម្មវិធីអប់រំសិលធម៌សង្គមបែបព្រះពុទ្ធសាសនានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់វិស័យអប់រំ ជាពិសេសនៅតាមសាលាបឋមសិក្សា។
ព្រះគ្រូវិចិត្រវង្សា មានថេរដីការទៀតថា កម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនានេះ គឺចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើអប់រំបែបព្រះពុទ្ធសាសនា ឲ្យមានការប្រកាន់ភ្ជាប់នៅគុណធម៌ សីលធម៌ និងវប្បធម៌របស់ខ្មែរយើង។
កម្មវិធីនេះ គឺសារៈសំខាន់ណាស់សម្រាប់អប់រំដល់សិស្សានុសិស្ស ឱ្យបានយល់កាន់តែច្បាស់ពីតម្លៃនៃការអប់រំតាមបែបសង្គមព្រះពុទ្ធសាសនា ជាពិសេសយល់ពីតម្លៃនៃការដឹងគុណ គោរពបតិបត្តិចំពោះអ្នកមានគុណ តម្លៃនៃសាសនា ដែលរួមចំណែកយ៉ាងធំធេងក្នុងសង្គមខ្មែរ។ ព្រមទាំង ដើម្បីជួយណែនាំដល់ក្មួយៗឲ្យយល់ និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គមនិងប្រទេសជាតិផងដែរ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីការបន្តទៀតថា បើយើងក្រឡែកមើលទៅលើបរិបទសង្គមនាពេលបច្ចុប្បន្ន ការធ្លាក់ចុះនៃគុណតម្លៃសីលធម៌ គុណធម៌ បានកំពុងធ្វើឱ្យសិស្សានុសិស្សមួយចំនួនក្លាយជាក្មេងទំនើង សេពគ្រឿងញៀន លេងល្បែង គេចសាលា និងបង្កភាពអណាធិបតេយ្យតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់សង្គម និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា កម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះ គឺជាផ្នែកសំខាន់មួយ ដែលរួមចំណែកក្នុងការអប់រំផ្ដល់ចំណេះដឹងដល់សិស្សនៅតាមសាលារៀន ពិសេសការចែករំលែកតាមបែបសាសនា ផ្សារភ្ជាប់ជាមួយតថភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបញ្ជាក់ថា ការបើកកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនេះ មានចំនួន២សាលាដែលនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្នុងនោះមានសាលាបឋមសិក្សាប្រាសាទគោកចក និងសាលាបឋមសិក្សាមុខនាគ គឺបង្រៀនជារៀងរាល់ថ្ងៃព្រហស្បតិ៍ ទាំងពេលព្រឹក និងពេលល្ងាចផងដែរ៕