(ភ្នំពេញ)៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។
កិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តោតលើរបៀបវារៈចំនួន៣គឺ៖ ១-សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារគណបក្សរបស់គណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥, ២-កែសម្រួលនិងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី និង៣-បញ្ហាផ្សេងៗ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ, លោក វង្សី វិស្សុត បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម សុខ ចិន្តាសោភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដែលត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥, លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់និងបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានខិតខំរួមគ្នាសម្រេចបានលទ្ធផលការងារជាច្រើនលើ ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង, ការងារឃោសនាអប់រំ, ការងារត្រួតពិនិត្យ, ការងារហិរញ្ញវត្ថុ, ការងារចលនាមហាជន និងការងារយុវជន ព្រមទាំងបានចូលរួមអនុវត្តតួនាទីភារកិច្ចសំខាន់ៗដទៃទៀត ដែលគណបក្សប្រគល់ជូន បានយ៉ាងល្អប្រសើរ។
ក្នុងការប្តេជ្ញាបន្តចូលរួមបំពេញតួនាទីភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, លោក វង្សី វិស្សុត បានដាក់ចេញទិសដៅការងារបន្តចំនួន ១២ចំណុចសំខាន់ៗ ក្នុងរួមមាន៖ បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង និងពង្រឹងជួរផ្ទៃក្នុងមន្ត្រីគណបក្ស, ខិតខំប្រព្រឹត្តអំពើល្អ ស្រឡាញ់យុត្តិធម៌ ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន, បន្តធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ, បន្តយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងសម្រេចបានលទ្ធផលល្អ ក្នុងការងារកសាងពង្រឹងពង្រីកសមាជិក និងកម្លាំងគាំទ្រគណបក្ស, បន្តពង្រឹងការចុះមូលដ្ឋាននិងលើកទឹកចិត្តដល់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងតាមរាជធានីខេត្តមួយចំនួនទៀត ដើម្បីបន្តយកប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៨ ឆ្នាំ២០២៨ខាងមុខ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី បន្តផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ដែលទទួលបានពីការមានសន្តិភាពពេញលេញ និងនយោបាយឈ្នះឈ្នះ, ខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ប្តេជ្ញាចូលរួមថែរក្សានិងការពារឱ្យបានសុខសន្តិភាព, បន្តគាំទ្រដោយឥតងាករេនិងគ្មានលក្ខខណ្ឌ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រទេសជាតិនិងប្រជាជន ជាពិសេសការបន្តផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕