(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,០៥០បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ស្ថិតក្នុងឱកាសនេះលោកអភិបាលខេត្តកណ្តាល បានថ្លែងថា ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកអភិបាលខេត្តកណ្ដាល បន្តថាការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
អភិបាលខេត្តកណ្ដាល បន្ថែមថា អនុវត្តតាមគោលនយោបាយគន្លឹះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លីបង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល នឹងខិតខំប្រឹងប្រែងដើម្បីជម្រុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យបានចប់នៅឆ្នាំ២០២៥នេះ។ ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរលោកអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋទាំង ៣ភូមិ ក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៩០,០១០ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣០ លើកស្មើនឹង ៣១២,៧៨០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិឫស្សីជ្រោយ ចំនួន ៥៤៩ប័ណ្ណ និងភូមិជ្រោយមេត្រីក្រោម ចំនួន ៣២៨ប័ណ្ណ ឃុំឫស្សីជ្រោយ និងភូមិក្រោម ចំនួន ១,១៧៣ប័ណ្ណ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល សរុបចំនួន ២,០៥០ប័ណ្ណ ៕