(បាត់ដំបង)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ១៧០នាក់។

សូមជម្រាបថា សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានចុះបញ្ជីជាផ្លូវការទទួលស្គាល់ដោយប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមលេខ ២០៥ ធទឧ.បក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៣។ រចនាសម្ព័ន្ធសហគមន៍មានគណៈកម្មាធិការចំនួន៤នាក់ គណៈកម្មាធិការមានចំនួន ៥ក្រុម មានសមាជិក២៥នាក់ និងមានចំនួន ៦២អនុក្រុម មានសមាជិកចំនួន ១៨៦នាក់។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នៅក្នុងផែនការ ធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍ កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រ កំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២ ០០០ហិកតា ប៉ុន្តែជាក់ស្តែង ប្រជាកសិករបានធ្វើស្រែប្រាំង រហូតដល់ ១៨ ០៥៦ហិកតា គឺ លើសផែនការចំនួន ៦ ០៥៦ហិកតា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករ ចំពោះបរិមាណទឹកក្នុងអាងទឹកមានកំណត់ក្នុងពេលដែល ផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់ ជាពិសេស សូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរ ដែលជាអ្នកនៅមូលដ្ឋាន ផ្ទាល់ អំពីសក្តានុពលទឹក ដែលមានជាក់ស្តែង សម្រាប់ប្រើប្រាស់ ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំង ជួបបញ្ហាប្រឈមខ្វះទឹក ហើយត្រូវ ចូលរួមការពារ ថែរក្សាអាងទឹក ដើម្បី បម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព។ 

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និង គណៈប្រតិភូ ក្រុមការងារបច្ចេកទេស ក៏ បាន អញ្ជើញចុះពិនិត្យ ជាក់ស្តែង ប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ស្ថិតក្នុង ភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា អាងទឹកកំពីងពួយ កសាងឡើង តាំងពីសម័យប៉ុលពត ដែលមាន ផ្ទៃអាង ៦៣៨០ហិកតា និង អាចស្ដុកទឹកបានប្រមាណ ១៤៦លានម៉ែត្រ គូប អាចស្រោចស្រព ស្រូវវស្សា ចំនួន ២៣ ៦០០ហិកតា និង ស្រូវ ប្រាំង ចំនួន ១៧ ០០០ហិកតា។ ប្រព័ន្ធ ធារាសាស្ត្រនេះ មានប្រជាពលរដ្ឋទទួលផលចំនួន ៥៣២៤គ្រួសារ គ្របដណ្តប់លើស្រុកចំនួន ២ និងក្រុងចំនួន ១ ដែលក្នុងនោះ ស្រុកបាណន់មាន ៣ឃុំគឺ ឃុំតាគ្រាម ឃុំភ្នំសំពៅ និងឃុំស្នឹង ស្រុកថ្មគោលមាន ៣ឃុំគឺ ឃុំអន្លង់រុន ឃុំអូរតាគី និងឃុំជ្រៃ ក្រុងបាត់ដំបងមាន ១សង្កាត់ គឺសង្កាត់អូរម៉ាល់៕