(តាកែវ)៖ ប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្ត បាននិងកំពុងផ្អើលភ្លូកទឹកភ្លូកដី ដើម្បីទៅមើលកូនដំរី «លំផាត់» ដ៏ល្បីល្បាញ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
លំផាត់ជាកូនដំរីដ៏គួរឲ្យខ្នាញ់ ចូលចិត្តផឹកទឹកដោះគោ និងលេងជាមួយអ្នកថែរក្សា។ នាងជាកូនដំរីដ៏ស្លូត មិនដែលបង្កបញ្ហាគ្រោះថ្នាក់ ដល់អ្នកទស្សនាឡើយ។
វត្តមានរបស់មហាជន ចំពោះការចាប់អារម្មណ៍លើកូនដំរីឈ្មោះលំផាត់ បាននាំឲ្យអ្នកថែរក្សា បង្កើតតារាងពេលវេលាច្បាស់លាស់ ក្នុងការបើកឲ្យចូលលេងកម្សាន្តនាង។
ពលរដ្ឋ ដែលបានទៅមើលកូនដំរីលំផាត់ បានប្រាប់ថា រថយន្តរបស់លោកកកស្ទះរាប់ម៉ោង ហើយលោកក៏បានភ្ញាក់ផ្អើលចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋ ដើម្បីបានទៅមើលអតីតកូនដំរីដ៏កម្សត់ខាងលើផងដែរ។
សូមជម្រាបថា លំផាត់ ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។
បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ លំផាត់ ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។
ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរ ត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយរដ្ឋបាលព្រៃឈើ ស្នើសុំគោលការណ៍ពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។
លំផាត់ គឺជាកូនដំរីទី២ហើយ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាលនិងថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕