(កំពង់ធំ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំ ក៏ដូចជាក្រើនរំលឹកដល់មន្ដ្រីទាំងអស់នេះ មន្ទីរព័ត៌មានខេត្ត ត្រូវរក្សាសាមគ្គីភាពឲ្យបានល្អ ដើម្បីឲ្យអង្គភាពមានការរីកចម្រើនជាបន្ដបន្ទាប់។

លោកបានបន្តថា មន្ទីរព័ត៌មាន តួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនសាធារណជនឲ្យបានលឿន រហ័ស ជឿទុកចិត្តបាន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល​ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើតាមលោក នួន ផារ័ត្ន, មន្ត្រីទាំងអស់ត្រូវបន្តពង្រឹងការងារអនុវត្តការងារឲ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងខេត្តកំពង់ធំ ឲ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើន ពិសេសប្រធានអង្គភាពត្រូវរួមសុខរួមទុក្ខ ជាមួយមន្ត្រីដោយឈរលើគោលការណ៍ជាភាពចាស់ទុំ ហើយអង្គភាពមួយត្រូវមានផែនការ និងចក្ខុវិស័យច្បាស់លាស់ មានការបែងចែកភារកិច្ចត្រឹមត្រូវ និងរបបប្រជុំច្បាស់លាស់ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។

លោកអភិបាលខេត្ត បានលើកទឹកចិត្តមន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយប្រធានអង្គភាព ត្រូវមានការចែករំលែកនិងលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ លោកក៏បានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំបន្តផ្សព្វផ្សាយបន្ថែមទៀត និងលើកផែនការសម្រាប់ឆ្នាំថ្មី ដើម្បីឲ្យរដ្ឋបាលខេត្តទទួលការគាំទ្រ និងផ្ដល់ជាសម្ភារៈផងដែរ៕