(ភ្នំពេញ)៖ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជា​មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ​អញ្ជើញ​គោរពវិញ្ញាណ​ក្ខន្ធសព​លោក​ស្រីអគ្គមហាឧបាសិកាពុទ្ធសាស​នូបត្ថម្ភ​ក៍ យស់ ស៊ីមន ភរិយានាយ​ឧត្តម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ។

ឧត្តមនាវីឯក ស្រ៊ុន សារឿន បានអញ្ជើញអុជធូប និង​លំឱនកាយគោរព​វិញ្ញាណ​​ក្ខន្ធ​​សព​ក្នុងសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ​សព។

សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២​នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះ​ស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំង​អស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ច​កាលតែង​តែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនាជារៀងរហូតមក៕