(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងភរិយា បានអញ្ជើញអុជធូប និងលំឱនកាយគោរពវិញ្ញាណក្ខន្ធសពក្នុងសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។
សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក៕