(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានអំពាវនាវដល់យុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកវាលវែង សូមជួយការពារធនធានធម្មជាតិដែលនៅសេសសល់ និងរួមគ្នាដាំដើមឈើឡើងវិញ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានធម្មជាតិទាំងអស់នោះ ផ្តល់ផលប្រយោជន៍ជានិរន្តរភាព ដល់ពួកគាត់ផ្ទាល់ និងដល់ប្រទេសកម្ពុជាទាំងមូល។

លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះ ក្នុងមិទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» និងបិទការប្រកួតកីឡា ដណ្តើមពានរង្វាន់លោក កែវ រតនៈ នៅស្រុកវាលវែង ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង១ពាន់នាក់។
           
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីបិទការប្រគួតកីឡា សម្រាប់ស្រុកវាលវែង ដែលរដ្ឋបាលស្រុក សហការជាមួយក្រុមការងារ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំនេះ គឺធ្វើឡើងព្រមគ្នា ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥»។ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សាសន្តិភាព ពូនជ្រុំនូវរាល់សមិទ្ធផល និងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបន្តថា ទាំងអស់នេះ គឺផ្តើមចេញពីជ័យជំនះ ៧ មករា បើគ្មានជ័យជំនះ ៧ មករា ១៩៧៩ទេ ពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនោះឡើយ។ ស្មារតី ៧ មករា បានចារឹកជាប់ក្នុងមនសិកា របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដោយចាត់ទុកថា ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ៧ មករា ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ដែលយើងបានរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបានបើកឡើងវិញនូវសករាជថ្មី ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងទាំងអស់គ្នាគោរពដឹងគុណ ដល់កម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន បានផ្តល់នូវកំណើតទី២ និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកទស់សព្វថ្ងៃ។ ស្របពេលដែលប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក ខេត្តពោធិសាត់ក៏ទទួលបាននូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ដូចជាផ្លូវ ស្ពាន ប្រឡាយ វ៉ារីអគ្គិសនី រោងចក្រ សហគ្រាស ទំនើបៗជាច្រើន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើន និងធ្វើឱ្យជីវភាពពួកគាត់ធូរធាមួយកម្រិត។ ជាមួយគ្នានោះដែរ លោកក៏បានសម្តែងអំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិរហូតមក។

គួរជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាទទួលពានរង្វាន់ របស់លោក កែវ រតនៈ នៅក្នុងស្រុកវាលវែង មានកីឡាករ កីឡាការនី ចូលរួមប្រកួតប្រជែង ចំនួន១៨ក្រុម ស្មើនឹង៣៧៦នាក់។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៣សប្តាហ៍យ៉ាងមមាញឹក ទទួលបានលទ្ធផលគឺ ទី១៖ វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ ក្រុមបេះដូងយុវជនស្រុកវាលវែង, ចំណាត់ថ្នាក់លេខ២ ក្រុមដំរី៥យូណៃធីត និងចំណាត់ថ្នាក់លេខ៣ ក្រុមនាគរាជ និងចំណាត់ថ្នាក់លេខ៤ ក្រុមយុវជនឃុំអូរសោម។ ទី២៖ វិញ្ញាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ ក្រុមយុវតីវិទ្យាល័យក្រពើពីរ, ចំណាត់ថ្នាក់លេខ២ ក្រុមយុវតី៧មករា, ចំណាត់ថ្នាក់លេខ៣ ក្រុមឃុំក្រពើពីរ និងចំណាត់ថ្នាក់លេខ៤ ក្រុមយុវតីឃុំអូរសោម។ ទី៣៖ វិញ្ញាសារបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ ក្រុមបេះដូងយុវជនស្រុកវាលវែង, ចំណាត់ថ្នាក់លេខ២ ក្រុមបេះដូងតែមួយ, ចំណាត់ថ្នាក់លេខ៣ ក្រុមបងប្អូនល្អ និងចំណាត់ថ្នាក់លេខ៤ ក្រុមយុវជនត្បូងស្ទឹង៕