(កោះកុង)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យខេត្តកោះកុង ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតជំនាញជំនាញមកពីក្រៅប្រទេស និងក្នុងប្រទេសតាមមន្ទីរពេទ្យរដ្ឋ ឯកជនដែលមានបទពិសោធន៍យូរឆ្នាំ ជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក លេង ផាលី បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមានការយកចិត្តដាក់ពីរាជរដ្ឋាភិបាល ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ថែមថា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយមានការពិនិត្យជំងឺទូទៅមានដូចជា ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូរបាត ជំងឺសួតក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែកសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាមជំងឺត្រចៀកច្រមុះបំពង់ក ជំងឺតម្រងនោម អេកូសាស្រ្ត វាស់ចង្វាក់បេះដូង ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម។
នាឱកាសនោះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដែលបានឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិត្តថ្លៃនាពេលនេះ៕