(ភ្នំពេញ)៖ ស្ដ្រីពីរនាក់ដែលថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TikTok ជាប់ដាវសាម៉ូរ៉ៃ ហើយត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនោះ បានដឹងខ្លួនខុស និងសុំទោសជាសាធារណៈចំពោះទង្វើមិនគួរគប្បីនេះ។

តាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ ជឿន ស្រីណាក់ បានអំពាវនាវដល់យុវជនដទៃទៀត កុំយកគំរូតាមខ្លួន ព្រោះនេះជាកំហុសឆ្គងដែលសង្គមស្អប់ខ្ពើម។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គមដោយមិនខ្លាចញញើតច្បាប់។

ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅនាំខ្លួនស្ដ្រីពីរនាក់ដល់ផ្ទះ ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។

ក្រោយឃាត់ខ្លួនស្ដ្រីទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕