(ព្រះវិហារ)៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី បានដឹកនាំប្រតិភូខុទ្ទការល័យ ចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា។
ការចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
លោក ហូ សិទ្ធីគុណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងលោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី នាយកខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រីផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរជានិច្ចពីសុខទុក្ខនិងការរស់នៅរបស់កងទ័ពនិងក្រុមគ្រួសារ ក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨៥។
លោក ហូ សិទ្ធីគុណ បានថ្លែងលើកឡើងនៅអ្វីលោកធ្លាប់សន្យាជាមួយកងទ័ព និងគ្រួសារកងទ័ពថា លោកនឹងជួយអភិវឌ្ឍតំបន់តាថាវឱ្យមានសក្តានុពល ដើម្បីក្លាយជាតំបន់ទេសចរណ៍កម្រិតតូចណាមួយ ដោយចាប់ផ្តើមពីពេលនេះតទៅនឹងសម្រេចផែនការសាងសង់ ដើម្បីឱ្យតំបន់នោះក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ។លោកក៏ថ្លែងណែនាំដល់លោកមេបញ្ជាការ ថាតើត្រូវរៀបចំជាគណៈកម្មការ ឫសមាគមន៍ក្រុមគ្រួសារទ័ព ឫយ៉ាងណា?ដើម្បីរៀនរៀបចំធ្វើម្ហូបអាហារ ដោយផ្សព្វផ្សាយតាមវិធីណាផ្សេងៗ ដើម្បីឱ្យទៅជាអាជីវកម្ម និងការទាក់ទាញភ្ញៀវទេសចរទៅស្វែងយល់តំបន់តាថាវ ដែលមានទេសភាពធម្មជាតិស្អាត និងប្រវត្តិសាស្ត្រមួយចំនួនដែលកូនខ្មែរយើងគួរយល់ដឹង។
ជាមួយគ្នានេះដែរលោកសន្យានឹងខិតខំប្រឹងប្រែងដើម្បីរកដៃគូរ និងសប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្រ និងកសាងទៅតាមស្ថានភាពជាក់ស្តែង។លោកថាការកសាងនៅទីនោះជាដំបូងយើងត្រូវធ្វើរានហាល ដើម្បីធ្វើជាកន្លែងបទបង្ហាញអំពីប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរយើងធ្លាប់ចូលមកតាមព្រំដែននេះ ដោយភាពលំបាកលំបិន និងរងគ្រោះយ៉ាងណានោះ ដោយយើងមិននិយាយអ្វីឱ្យប៉ះពាល់និងនយោបាយអន្តរជាតិនោះទេ ក៏ប៉ុន្តែយើងនឹងព្យាយាមរកគន្លឹះសរសេណែនាំ ដើម្បីឱ្យកូនចៅគ្រួសារកងទ័ពយើងមួយចំនួនអាចនឹងក្លាយជាមគ្គុទ្ទេសក៏ ក្លាយជាអ្នកធ្វើម្ហូបអាហារដ៍ចំណាន ដើម្បីផ្សព្វផ្សាយជូនភ្ញៀវទេសចរណ៍។
ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ហូ សិទ្ធីគុណ បានថ្លែងអំណរគុណលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ, លោក ប៉ែន រដ្ឋា តំណាងលោកអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធានាគារកាណាឌីយ៉ា និងភូមិវប្បធម៌សៀមរាប និងលោកសាស្ត្រាចារ្យ អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោកវេជ្ជបណ្ឌិត ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា លោកឧត្តមសេនីយ៍ អ៊ុន សាវន ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចធិបតី ឧបត្ថម្ភថ្នាំពេទ្យមួយចំនួនជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសប្រតិភូគ្រប់រូបដែលបានចូលរួមដំណើរយ៉ាងកក់ក្តៅផងដែរ។
សូមបញ្ជាក់ថាអំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកចែកជូននៅពេលនេះរួមមាន៖ជូនអង្គភាពវរេសនាតូចលេខ៣៨៥ ថវិកា៥,០០០ដុល្លារ ជូននាយ និងពលទាហាន ក្នុងម្នាក់ថវិកាចំនួន១៦០,០០០រៀល និងបានពិសារអាហារសាមគ្គី រាំ ច្រៀងលេងកំសាន្តដោយភាពសប្បាយរីករាយ និងស្និទស្នាលយ៉ាងក្រៃលែង ជាមួយនឹងការដឹងគុណជានិច្ចចំពោះថ្ងៃ៧មករា ព្រោះបើគ្មានថ្ងៃ៧មករា យើងក៏គ្មានថ្ងៃនេះដែរ៕