(តាកែវ)៖ លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស រួមនឹងព្រះមន្រ្តីសង្ឃ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងទី៥ សាលាពុទ្ធិកបឋមសិក្សាបារមីគោតម ស្ថិតក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ឌឹម គឹមសាន បានថ្លែងថា ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការប្រឡងធម្មវិន័យ បេក្ខសាមណទាំងអស់ត្រូវខិតខំប្រឹងប្រែង និងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ហើយពិសេសត្រូវរក្សាឱ្យបានសណ្តាប់ធ្នាប់ក្នុងពេលប្រឡង មិនត្រូវបង្កភាពរញ៉េរញ៉ៃ ដោយលួចចម្លងគ្នា ឬយកប្រយ៉ុងចូលក្នុងបន្ទប់ប្រឡង ឬមានការផ្លាស់ប្ដូរបេក្ខៈសាមណៈប្រឡងឡើយ និងមិនត្រូវដើរឆ្លងពីតុមួយទៅតុមួយទៀតនោះទេ ពោលធ្វើយ៉ាងណា គោរពជាដាច់ខាត និងអនុវត្តឲ្យបានល្អ នូវបញ្ជា្ផផ្ទៃក្នុងរបស់មណ្ឌលប្រឡង ហើយបើសិនជាមានបេក្ខៈសមណៈរូបណាប្រព្រឹត្តផ្ទុយនឹងបទបញ្ជា នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

លោកអភិបាលស្រុកព្រៃកប្បាសបានបន្ថែមទៀតថា ក្នុងការប្រឡងនេះដែរគណៈកម្មការប្រឡង អនុរក្ស លោកគ្រូ អ្នកគ្រូ ក៍ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះសកម្មភាពរបស់បេក្ខៈសមណៈ ពិសេសត្រូវពិនិត្យរាល់ ការប្រឡង និងឆែករកមើលថាតើ បេក្ខសមណៈទាំងនេះ មានយកឯកសារ ឬប្រយ៉ុងមកប្រឡងដែររឺទេ ព្រោះយើងក្នុងនាមជាគណៈកម្មការត្រូវតែតឹងរ៉ឹង និងយុត្តិធម៌ចំពោះបេក្ខសមណៈ ពោលគឺមិនត្រូវឲ្យបេក្ខសមណៈណាម្នាក់បង្កភាពអាណាធិបតេយ្យឡើយនៅក្នុងបន្ទប់ប្រឡង ។

សូមបញ្ជាក់ដែរថាសម្រាប់ មណ្ឌលប្រឡងទី៥នេះ មាន២ស្រុកចូលរួមគឺស្រុកព្រៃកប្បាស និងស្រុកអង្គរបូរីដោយមានបេក្ខៈសមណៈ ប្រឡងសរុបចំនួន ៣២៦អង្គ/នាក់ ចែកចេញជា១៤បន្ទប់ក្នុងនោះ៖
- ថ្នាក់ត្រី ចំនួន១៧៥អង្គ/នាក់ ស្មើនឹង០៧បន្ទប់
- ថ្នាក់ទោ ចំនួន៩៣អង្គ/នាក់ ស្មើនឹង០៤បន្ទប់
- ថ្នាក់ឯក ចំនួន៥៨អង្គ/នាក់ ស្មើនឹង០៣បន្ទប់

ដោយឡែកសម្រាប់មណ្ឌលប្រឡងនេះមានការគាំទ្រ និងទំនុកបំរុង ទាំងផ្នែកចង្ហាន់ ភេសជ្ជៈ ជូនបេក្ខសាមណប្រឡងទាំងអស់ដោយ ព្រះគ្រូសីលាភិមុនី សែម សុខណេង ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាព្រះមន្រ្តីសង្ឃជំនួយការសាលាអនុគណស្រុកព្រៃកប្បាស និងជាព្រះចៅអធិការវត្តបារមីគោតម រួមនិងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនាក់ផងដែរ៕