(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ប្រគេនព្រះអង្គ ទន ចិត្រ្តា គង់នៅវត្តអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងអាពាធ ជំងឺតម្រងនោម បណ្តាលមកជំងឺទឹកនោមផ្អែម ឈានដល់ដំណាក់កាលលាងឈាម និងជំងឺទឹនោមប្រៃ ដែលតម្រូវឲ្យដូរក្រលៀន។
នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្នុងឳកាសដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីអញ្ជើញនាំយកថវិកា ប្រគេនព្រះអង្គ ទន ចិត្រា និងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់នៅអង្គប្រាសាទឃុំអង្គប្រាសាទ ស្រុកគិរីវង់ខេត្តតាកែវ។
ក្នុងឳកាសដែរលោកស្រី ម៉ែន នារីសោភ័គ នាំយកទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តខាងលើនេះ ការមានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ, និងមានការចូលរួមពីរដ្ឋបាលខេត្តតាកែវ ព្រមទាំងសហការីពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងមន្ត្រីសាខាខេត្តផងដែរ។
ជាមួយគ្នាក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវផងនោះ លោក វ៉ី សំណាង ក៏បានប្រគេនថវិកាចំនួន ១ម៉ឺនដុល្លារ តំណាងរដ្ឋបាលខេត្តតាកែវ ១ម៉ឺនដុល្លារ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចំនួន ១០លានរៀល និងសប្បុរជនអមដំណើរ ចំនួន ៨៥ម៉ឺនរៀលបន្ថែម ប្រគេនដល់ព្រះអង្គ ទន ចិត្រ្តា។
ព្រះអង្គ ទន ចិត្រ្តា មានសង្ឃដីកា ទាំងក្តុកក្តួលថា «អាត្មាពិតជារំជួលចិត្ត រំភើបនឹងការសណ្តោសប្រណី របស់មាតាមនុស្សជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពន់ពេក អាត្មាមិនដែលនឹកស្មានដល់ទេថា អាត្មាត្រូវអស់សង្ឃឹមត្រឹមនេះហើយ តែក្រោមការជួយជ្រោមជ្រែងជួបឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អាត្មានឹងបានរស់ជាថ្មីម្តងទៀត បន្ទាប់ពីចេញវះកាត់ក្រលៀននៅដើមខែកុម្ភះនេះ»។
សូមជម្រាបថា ព្រះអង្គ ទន ចិត្រ្តា មានព្រះជន្ម២៦ ព្រះវស្សា ជាក្មេងកំព្រារ មានជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមប្រៃ ដែលតម្រូវឲ្យលាងឈាម ២-៣ដងក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យព្រះអង្គ ទទួលយកមិនបាន មួយណាអត់បច្ច័យផងដែរនោះ ដូច្នេះមានតែរង់ចាំសេចក្តីស្លាប់ ដែលធ្វើឲ្យព្រះអង្គ ប៉ងធ្វើអត្តឃាត ដោយសម្លាប់ខ្លួន ៤ដងមកហើយ តែមិនបានសម្រេច ហើយក្រោយពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយឧបត្ថម្ភថវិកា សម្រាប់ដូរក្រលៀន ដូចជាផ្តល់ជីវិតថ្មី និងក្តីសង្ឃឹមជាថ្មីជូនព្រះអង្គផងដែរ៕