(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហា​ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត ព្រមទាំងកូនៗ បានអញ្ជើញសួរសុខទុក្ខ រៀបចំអាហារ​ថ្ងៃត្រង់ ព្រមទាំងជូនអំណោយមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

ក្នុងពិធីសំណេះសំណាលប្រកបដោយក្តីអាណិតស្រលាញ់ ជាមួយនិងស្នាម​ញញឹម ដែលពោរពេញទៅដោយភាពកក់ក្តៅនោះ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់សម្តេច​តេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗ​សិស្សា​នុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។

ក្នុងឱកាសនោះសម្តេចមហាបវរធិបតី បានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗ​ត្រូវខិតខំប្រឹង​ប្រែង​រៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្ស​ល្អ កូនល្អ នៅក្នុងសង្គម។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែល​បាន​អញ្ជើញមកជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្សនៅទីនេះ។ សម្តេច​មហា​បវរធិបតី បានឱ្យដឹងថា កន្លងៗមកសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែអញ្ជើញមកជួបប្អូនៗ និងជួយឧបត្ថម្ភ​គាំទ្រជាសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំដល់ក្មួយៗ ដែលមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ។

ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដើម្បីលើកចិត្តដល់ក្មួយៗសិស្សានុសិស្ស​ពិការភ្នែក និងគថ្លង់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏គ្រោង និងរៀបចំ​ដំណើរ​កម្សាន្តជូនដល់ក្មួយៗ ទៅលេងនៅខេត្តព្រះសីហនុផងដែរ នាពេល​ឆាប់ៗ​ខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ​ស្នងការកាយឫទ្ធីនារីកម្ពុជា មានប្រសាសន៍ថា នៅក្នុងវិទ្យាល័យនេះ​ មាន​សមា​ជិកាកាយឫទ្ធិនារីកម្ពុជាចំនួន៦៣នាក់ ដោយនៅក្នុងខែមករា ២០២៥​នេះ សមាគម និងមានបើកវគ្គបណ្តុះបណ្តាជូនដល់ក្មួយៗ ដែលជា​សមា​ជិកាទៅតាមជំនាញផ្សេងៗ ដែលក្មួយៗចង់ចេះផងដែរ។

លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីបានឱ្យដឹងថា វិទ្យា​ល័យនេះ បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះ​បង់​​ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ក្រោយមកអង្គការគ្រួសារថ្មី ក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្លាយជាសាលា​សម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពិការភាពរហូត​ដល់​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យ​អប់រំពិសេសភ្នំពេញថ្មី» វិញ ដោយផ្ទេរការគ្រប់គ្រង មកនៅក្រោម​ក្រសួង​អប់រំ យុវជន និងកីឡា។

លោកនាយករូបនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែង​តែ​បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់​សិស្សនៅទីនេះ។ លោកនាយកបានបញ្ជាក់បន្ថែមថាកន្លងមក សិស្សកុមារ​ពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពី​សំណាក់​​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ តាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ។

សូមបញ្ជាក់ថា ក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេចនាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត បានរៀបចំអាហារ​ថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកា ១០ម៉ឺនរៀល , និស្សិតសាកលវិទ្យាល័យពិការ៧នាក់ ម្នាក់ៗថវិកា៤០ម៉ឺនរៀល។

ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី២០លានរៀល និងមណ្ឌលកុមារ​កំព្រា​ភ្នំពេញថ្មី២០លារៀល ថែម១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូន​រថ​យន្ត​វ៉ែនមួយគ្រឿងទៀត ដល់ វិទ្យាល័យពិសេសអប់រំភ្នំពេញថ្មី សម្រាប់ដឹក​សិស្ស៕