(កំពង់ស្ពឺ)៖ ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណ​បក្ស​ប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេស​នា​ពេល​បច្ចុប្បន្ន ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយគិតប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ការប្រកាន់ខ្ជាប់នូវលើគោលនយោបាយ និងស្មារតីនេះ បានធ្វើឱ្យគណបក្ស​ប្រជា​ជនកម្ពុជា ទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ កាន់តែ​មាន​ប្រជាប្រិយ និងកាន់តែរឹងមាំ។

ការស្រឡាញ់ ការជឿជាក់ទៅលើការដឹកនាំរបស់គណបក្ស ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រធាននោះ មិនត្រឹមតែគាំទ្រជាស្មារតីប៉ុណ្ណោះ តែបាន​ជំរុញឱ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោ​បាយជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពទាំងឡាយទាំងនៅថ្នាក់​ជាតិ និងតាមមូលដ្ឋាន ជាចលកររួមចំណែកធ្វើឱ្យបក្សកាន់តែរឹងមាំ កាន់តែ​មាន​ការគាំទ្រថែមទៀត។

នៅឯទឹកដីឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណ ១៥៤រូបមកពីភូមិទាំង១៨ ក្នុង​ឃុំសំរោងទង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជា​ជន​កម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មី ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យទើប​គ្រប់​អាយុ​ធ្វើសកម្មភាពនយោបាយ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​សាស្ត្រាចារ្យបណ្ឌិត ណុប រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជា​ជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោងទង។

ថ្លែងនៅក្នុងពិធីនោះ ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា, លោកបណ្ឌិត ណុប រតនា បានប្រកាសស្វាគមន៍ប្រកបដោយ​ភាព​កក់ក្តៅ និងរីករាយជាទីបំផុត។ លោក បានចាត់ទុកការសម្រេចចិត្តចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្ត​មួយ​ដ៏ត្រឹមត្រូវ។ ត្រឹមត្រូវក៏ព្រោះតែជាការចូលរួមធ្វើសកម្មភាពនយោបាយ ដើម្បីជ្រោងទង់សុខសន្តិភាព និងជាការចូលរួមធ្វើសកម្មភាបនយោបាយ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

នៅក្នុងពិធីនោះ លោក ណុប រតនា ក៏បានរំលឹកពីប្រវត្តិតស៊ូ និងសកម្មភាព​​ច្រើនគណនាមិនអស់​របស់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីចាប់បដិសន្ធិ​នៅឆ្នាំ១៩៥១ រហូតមកដល់ពេលបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា គណ​បក្ស​ប្រជាជនកម្ពុជា គឺជារបស់ប្រជាជន និងដើម្បីប្រជាជន។

លោកសាស្ត្រាចារ្យបណ្ឌិត ណុប រតនា បានថ្លែងបញ្ជាក់ដូច្នេះ «គណបក្ស​ប្រជា​ជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជនកម្ពុជា ជាគណបក្សដើម្បី​ប្រជា​ជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានប្រសូត​ឡើង​ដោយសារប្រជាជនកម្ពុជា ដោយសារការលះបង់របស់ប្រជាជនកម្ពុជា។ អ៊ីចឹង​គណបក្សនេះជារបស់ប្រជាជនកម្ពុជាទាំងមូល»។

លោក ណុប រតនា បានបន្ថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដើម្បី​ប្រជា​ជនកម្ពុជា គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពគ្រប់បែបយ៉ាងទាំង​អស់ ហ៊ានបូជាជីវិត គ្រប់កាលៈទេសៈ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ការ​ពារ​ប្រជាជនកម្ពុជា ការពារមាតុភូមិកម្ពុជា»។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ដែលធ្វើ​សកម្មភាព​ជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជនរាប់ចាប់តាំងពីការតស៊ូទាមទារ​ឯករាជ្យ​ពីអាណានិគមបារាំង។ ស្នាដៃដ៏ធំធេងដែលគណបក្សបានធ្វើសម្រាប់​ជាតិ និងប្រជាជន ហើយធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននោះ គឺ​ការ​រំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការ​រំដោះនេះ ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាគុណបំណាច់​មួយ​នៃការ​ដណ្តើម​យកជីវិតរបស់ពួកគេចេញពីចង្កូមមច្ចុរាជ។

លោក ជេត នី ពលរដ្ឋរស់នៅក្នុងភូមិត្រពាំងជួន ជាពលរដ្ឋមួយក្នុងចំណោម​ពលរដ្ឋដទៃទៀត ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណ​បក្ស​ប្រជាជនកម្ពុជា។ គុណបំណាច់ថ្ងៃរំដោះ៧មករា ត្រូវបានលោក ជេត នី ចងចាំមិនអាចបំភ្លេចបាននោះឡើយ ហើយនេះជាមូលហេតុធំ ដែលនាំឱ្យ​រូបលោក សម្រេចចិត្តចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជា​ជន​កម្ពុជា។

«ថ្ងៃ៧ មករា នេះ គឺមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ជួយឱ្យខ្ញុំបានរស់​រាន​​មានជីវិត ចាប់តាំងពីឆ្នាំ១៩៧៩ បានរស់រានមានជីវិតរហូតមកដល់សព្វ​ថ្ងៃ​នេះ។ ថ្ងៃ៧ មករា បានជួយរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជ​សាសន៍»។ នេះជាការគូសបញ្ជាក់របស់លោក ជេត នី ដែលជាពលរដ្ឋខ្មែរ​មួយរូបបានរួចជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយថ្ងៃរំដោះ៧មករា។

ក្រៅមរតកគុណបំណាច់ថ្ងៃរំដោះ៧មករាហើយនោះ ការប្រឹងប្រែងកសាង​ជាតិរយៈពេល៤៦ឆ្នាំ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ នាំឱ្យប្រទេសជាតិមានការ​រីក​ចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក៏ជាគុណតម្លៃដ៏ធំមួយនេះ ដែល​នាំឱ្យប្រជាពលរដ្ឋកត់សម្គាល់ និងស្រឡាញ់ពេញចិត្តចំពោះគណបក្ស​ប្រជា​ជន​កម្ពុជាផងដែរ។

លោក ជេត នី បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព ក៏ដូចជាការ​រីក​ចម្រើនរបស់ជាតិកម្ពុជាក្នុងរយៈពេល៤៦ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា។ ការយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើននេះ ក៏ជាចំណែកដែលនាំឱ្យរូបលោកសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកបានបញ្ជាក់ដូច្នេះ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែល​ល្អ ជួយរាស្ត្រ ជួយប្រជាជន ព្រមទាំងមានការអភិវឌ្ឍ និងយកចិត្តទុកដាក់​ខ្ពស់​ចំពោះប្រជាពលរដ្ឋ។ និយាយពីការអភិវឌ្ឍ គឺអភិវឌ្ឍន៍ខ្លាំង ខ្ញុំឆ្លងកាត់៤ ទៅ៥ជំនាន់ហើយ មិនធ្លាប់បានឃើញប្រទេសជាតិមានការអភិវឌ្ឍបែបនេះឡើយ»

ការមកនូវវឌ្ឍនភាពជាតិជាក់ស្តែងលើគ្រប់វិស័យក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាគ្រឹះដ៏រឹងមាំនៃជំនឿចិត្តរបស់ប្រជា​ពល​រដ្ឋ ហើយធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានគាំទ្រកាន់តែខ្លាំងក្លា​ពី​មួយអាណត្តិទៅមួយអាណត្តិ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ គណបក្ស​នេះ បានពង្រីកសមាជិករបស់ខ្លួនរហូតដល់ទៅជាង៦លាននាក់ ដែលក្លាយ​ទៅជាកំពែងការពារបក្សយ៉ាងរឹងមាំបំផុត៕