(បន្ទាយមានជ័យ)៖ សមណសិស្ស ចំនួន១.៦៨៤អង្គ/នាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤-២០២៥ នៅក្នុងវិទ្យាល័យ សិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

សមណសិស្សប្រឡងយកថ្នាក់ ត្រី ទោ ឯកនេះ ដោយមានការពិនិត្យបើកវិញ្ញាសាប្រឡង ដោយព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណៈធម្មយុត្តិនិកាយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លឹម សីហា ប្រធានប្រតិភូតំណាងក្រសួងធម្មការនិងសាសនា លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងសមណៈសិស្សចំនួន១.៦៨៤អង្គ/នាក់ និងមន្ត្រីសង្ឃកិត្តិយសជាច្រើនអង្គនាក់។

ក្នុងពិធីប្រឡងនោះ លោក បៀវ ថាន បានមានប្រសាសន៍ថាការប្រឡងនេះ ឆ្នាំនេះជាលើកទី៣២ហើយ ដែលមានបេក្ខសមណៈ បេក្ខជន ដាក់ពាក្យប្រឡងមានចំនួន ១.៦៨៤ អង្គ /នាក់ ក្នុងនោះមានបព្វជិត១.៥១៧ និងគ្រហស្ថ មានចំនួន ១៦៧នាក់ ស្រី១០៨នាក់ មកតាមបណ្តាក្រុងស្រុក ទាំង ៩ ក្រុង ស្រុក មានថ្នាក់ត្រី ៤១បន្ទប់ ថ្នាក់ទោ មាន១៧បន្ទប់ ថ្នាក់ឯក១០បន្ទប់ មានវិញ្ញាសារប្រឡង មាន៤វិញ្ញាសារមាន ប្រជុំកងធម៌ ពុទ្ធប្បវត្តិ ព្រះវិន័យ និងសាសនសុភាសិត។

លោក បៀវ ថាន បានបន្តថា
ដោយបានទទួលការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយ សាលាគណខេត្តទាំង២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការ ណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯកនេះ។

ក្នុងនោះលោក អ៊ុំ រាត្រី បានបន្តថា ការប្រឡង ត្រី ទោ ឯកនេះ នៅក្នុងគោលបំណង វាស់ស្ទង់សមត្ថភាពយល់ដឹង របស់ព្រះតេជគុណ ក្មួយ ខាងផ្នែកព្រះពុទ្ធសាសនា បានយល់ដឹងទ្រឹស្តីព្រះពុទ្ធ សាសនា បានត្រឹមកំរិតណា និងបន្តសិក្សា ឪវាទព្រះពុទ្ធបន្ថែមទៀត។ក្នុងនោះនោះ លោកអ៊ុំរាត្រី បានធ្វើការដាស់តឿនដល់បេក្ខជនចូលប្រឡងទាំងអស់ត្រូវជឿទុកចិត្តលើសមត្ថភាពខ្លួនឯង បើយើងចេះត្រូវតែប្រឡងជាប់ មិនចេះគឺធ្លាក់ កុំលួចមើលប្រ៊ុយយ៉ុងឲ្យសោះ៕