(ភ្នំពេញ)៖ ៧មករា ១៩៧៩ គឺជាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទាំងមូល ដោយបានយកឈ្នះលើសត្រូវតែមួយគត់នោះគឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ របបខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត៣លាននាក់ ត្រឹមរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃប៉ុណ្ណោះ ដែលបង្កើតជាសោកនាដកម្ម មិនអាចបំភ្លេចបានរហូតមដល់បច្ចុប្បន្ន។
យុវជន សិស្ស-និស្សិត និងបញ្ញវ័ន្តខ្មែរ បានយល់ឃើញថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឱ្យបានរស់រានមានជីវិតជាថ្មិ ដែលប្រៀបដូចជាថ្ងៃកំណើតទី២របស់ខ្លួន។ ពួកគេចូលរួមបង្ហាញនូវសា្មរតីដឹងគុណចំពោះថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំចលនាតស៊ូសង្គ្រោះជាតិកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្រជាជាតិរបស់លោក។ ពួកគេបានលើកឡើងដូចៗគ្នាថា «ថ្ងៃ៧ មករា ១៩៧៩ ជាមូលដ្ឋានគ្រឹះនៃសន្តិភាព បើគ្មានថ្ងៃនេះ ក៏គ្មានវត្តមានរបស់ពួកគាត់នៅពេលនេះដែរ»។
យុវតី វុត្ថា ម៉ារីណា ជានិស្សិតផ្នែកគណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា បើក្រឡេកទៅក្រោយថ្ងៃ ៧ មករា ១៩៧៩ យើងមានរបបផ្ដាច់ការមួយ គឺរបបប្រល័យពូជសាសន៍ ឬរបប ប៉ុល ពត ដែលធ្វើការសម្លាប់យ៉ាងរង្គាល និងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ កញ្ញា បានបន្តថា របបប្រល័យពូជសាសន៍ បានបន្សល់ទុកនូវជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយជាច្រើន ហើយ កញ្ញា បានបន្ថែមថា «ទោះបី នាងខ្ញុំមិនបានកើតទាន់សម័យកាលនោះក៏ពិតមែន តាមរយៈការសិក្សារៀនសូត្រ ខ្ញុំមានអារម្មណ៍ថា សោកស្ដាយចំពោះសោកនាដកម្មមួយនេះ»។
មិនខុសពី យុវតី វុត្ថា ម៉ារីណា, យុវជន ជួន សុផាន់ណាដែត និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃដ៏ជោគជ័យមួយរបស់ប្រជាជាតិកម្ពុជា ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង រួចផុតពីការកាប់សម្លាប់យ៉ាងសាហាវយងឃ្នង ប្រសិនជាគ្មានថ្ងៃ ៧មករា ពិតណាស់គឺគ្មានមូលដ្ឋានគ្រឹះនៃសន្តិភាពនោះទេ។
យុវជនរូបនេះ បានបន្តថា ប្រសិនបើគ្មានប្រមុខនៃថ្នាក់ដឹកនាំ ដែលលោកហ៊ានយកជីវិតធ្វើជាដើមទុន ប្រទេសជាតិយើងក៏មិនអាចមានសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះផងដែរ។ បន្ថែមពីនេះ យុវជន ជួន សុផាន់ណាដែត បានបន្ថែមថា «សន្តិភាព» ពិតជាសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត កៀន តាក់ បានមានប្រសាសន៍ថា ប្រសិនបើគ្មានសន្តិភាព ប្រជាជាតិនឹងជួបវិនាសសកម្ម ផ្ដល់នូវទុក្ខវេទនា ហើយបើយើងក្រឡេកមើលទៅសង្គ្រាមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ពលរដ្ឋរងទុក្ខលំបាកទោះបីជាមានស្បៀងសម្រាប់ហូបចុកក៏ដោយ។ លោក បានបន្តថា មិនត្រឹមតែប៉ុណ្ណេះ ប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធ មិនអាចទទួលបានការសិក្សាអប់រំបន្តទៀតដើម។
បន្ថែមពីនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានលើកឡើងផងដែរថា បើគ្មានថ្ងៃ ៧ មករា មិនត្រឹមតែប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនោះទេដែលស្លាប់ ហើយប្រទេសខ្មែរក៏មិនដឹងជារបស់នរណានោះដែរ និងឈានទៅដល់ការគ្រប់គ្រងប្រទេសពីបរទេសថែមទៀត។
លោកបណ្ឌិត បានគូសបញ្ជាក់ថា យើងត្រូវចាំថា «សន្តិភាព» គួរតែជាសន្តិភាពដែលចេញពីផ្ទៃក្នុង ដូចជាសន្តិភាពចេញពីខ្លួនឯង សន្តិភាពចេញពីគ្រួសារ បើសន្តិភាពរបស់ប្រទេសមួយ គឺគួរតែចេញពីប្រទេសមួយ ឬគណបក្សនីមួយៗរបស់រដ្ឋមួយនោះ ត្រូវរួបរួមគ្នាដើម្បីរក្សាសន្តិភាព។
យុវតី ឃី រ៉ាធីណា និស្សិតផ្នែកអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសំណូមពរដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សីទាំងអស់ ព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បិវិវត្តខ្លួនជាធនធានមនុស្សដែលមានគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ យុវជន ឃាង លាងហេង និងយុវជន គង់ សុធី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរក្សាឱ្យបាននូវសន្តិភាព តាមរយៈការសិក្សារៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង កុំឱ្យប្រវត្តិសាស្រ្តច្រំដែល ហើយយើងត្រូវចូលរួមលើកស្ទួយប្រទេសជាតិឱ្យមានមុខមាត់តទៅមុខជាដរាប។
លោកបណ្ឌិត ឈត ប៊ុនថង ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវសិក្សាពីខ្លឹមសារ ឬសគល់ពិតនៃរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈការអានប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍នយោបាយ ដើម្បីរកឱ្យឃើញនូវដើមចមដែលនាំឱ្យកើតមានរបបនេះ និងបរវាសជៀសឆ្ងាយពីដានជើងចាស់ដែលនាំវិនាសអន្តរាយដល់សង្គមជាតិ។
៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍។ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា «ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត» ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។
សម្រាប់បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) រាជរដ្ឋាភិបាល គ្រោងនឹងធ្វើមិទ្ទិងអបអរសាទរ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់។ ពិធីនេះ ក៏មានប្រារព្ធនៅតាមបណ្តាខេត្តនានាផងដែរ៕
សូមទស្សនាវីដេអូបទយកការណ៍ ដែលរៀបចំ និងផលិតដោយ កញ្ញា រួម ឆាដា ដូចតទៅ៖