(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះនូវខ្លឹមសារមួយ ដោយដាក់ចំណងជើងថា «បំភ្លេចមិនបាន» ហើយក្នុងខ្លឹមសារនោះ លោកបានរំឭកទៅដល់អ្នកដែលបាត់បង់ជីវិតនារបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការបង្ហោះសាររបស់លោក ហ៊ុន ម៉ានី ព្រមពេលជាមួយគ្នាដែលក្រុមគ្រួសារ ស.ស.យ.ក ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
លោក ហ៊ុន ម៉ានី បានអះអាងថា ជារៀងរាល់ឆ្នាំ តែងតែដឹកនាំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា យកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជា គ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣ ហើយដែលបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ២០២១ និង២០២២ មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។
លោកបញ្ជាក់ថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។
តាមរយៈការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭករបស់ដល់ដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សាភ្ជាប់យុវជ នជាមួយនឹងប្រវិត្តសាស្ត្រឲ្យបន្តចងចាំ និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។
ជាពិសេស បានផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍ ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិ និងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សាភ្ជាប់ការចងចាំ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។
ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕