(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយជូនគ្រួសារកូនភ្លោះបី គ្រួសារទី៤២៣។ អំណោយរួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

អំណោយដ៏សប្បុរសរបស់សម្តេចទាំងទ្វេ ត្រូវបានលោក សេង ទៀង នាយក​រងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំយកទៅប្រគល់ជូន​ដល់ដៃគ្រួសារសម្រាលកូនភ្លោះបីនាក់ កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរ​ពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។

ទារកភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត គឺជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ ឈាន ឆេង អាយុ ៣៦ឆ្នាំ ម្តាយឈ្មោះ រស់ ចន្ធូ អាយុ ៣៤ឆ្នាំ។ អ្នកទាំងពីរមុខរបរលក់ដូរ មានលំនៅដ្ឋាននៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។

ទារកភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ទារកភ្លោះទាំងបីនាក់នេះ បានកើតមុនកាល​កំណត់​មួយ​សប្តាហ៍។ ដោយសារស្ថានភាពសុខភាពរបស់ទារកម្នាក់ ក្នុងចំណោម​៣​នាក់ មិនទាន់ប្រសើរនោះ ​ក្រុមគ្រូពេទ្យរក្សាក្នុងកែវ ដើម្បីជួយបំប៉ន​សុខភាព​ឱ្យកាន់តែ​ប្រសើរ​ឡើង។

នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង បាននាំនូវប្រសាសន៍​ផ្តាំ​ផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពី​សំ​ណាក់​​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់។

លោកនាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី បានមានប្រសាសន៍ឱ្យ​ដឹង​ដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេល ជាង ២៦ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២៣គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុង​ដល់ការ​លំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសការចិញ្ចឹមបីបាច់ ទា​រក​ភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោក សេង ទៀង បានបញ្ជាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជា​អំណោយ​របស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬ​អំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយ​ទៅវិញអំណោយទាំងអស់នេះ គឺជាអំ ណោយទានកើតចេញពីទឹក​ចិត្ត​ជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពល​រដ្ឋ​ដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

លោក សេង ទៀង បានណែនាំមាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្ត​យក​ចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានដិតដល់ ពោលប្រសិន​បើកូន​មានអាការៈអ្វីខុសពីប្រក្រតី សូមរាយការណ៍ជូនក្រុមគ្រូពេទ្យប្រចាំការ និង​ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ បើគ្រូពេទ្យអនុញ្ញាតឱ្យចាកចាញពី​មន្ទីរពេទ្យ ចាំនាំកូនៗទៅលំនៅដ្ឋាន ដើម្បីបង្ការបញ្ហាផ្សេងៗគ្រោះថ្នាក់ដល់​អាយុជីវិតរបស់កូន។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់​ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់​សម្តេច​ទាំងទ្វេ។ ជាក់ស្តែងនៅពេលនេះ សម្តេចបានចាត់ឱ្យតំណាងរបស់សម្តេច នាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនដល់​ដៃគ្រួសារ​ ដែលសម្រាលបានកូនភ្លោះបីនាក់ ដើម្បីជួយសម្រាលការលំបាក់ក្នុងការ​ចិញ្ចឹម​បីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃ​ទៀតក្នុងសង្គម៕