(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានបន្តជំរុញលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ប្រកបដោយវិជ្ជាជីវៈ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសចុះពិនិត្យការងាររបស់មន្ត្រីខ្លួន ដែលកំពុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលមកសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីចុងសប្តាហ៍នៃដើមខែមករា ឆ្នាំ២០២៥។
ក្រោមការចុះពិនិត្យការងារខាងលើនេះ រដ្ឋមន្រ្តីសុខាភិបាល បានណែនាំនិងលើកទឹកចិត្តដល់បុគ្គលិកដែលជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ ត្រូវព្យាយាមឆ្លើយតបនឹងតម្រូវការ អនាម័យ ការគ្រប់គ្រង ដោយយកចិត្តទុកដាក់ ដែលជាការគាំទ្រសំខាន់ដល់ការធានាគុណភាពសេវាថែទាំសង្រ្គោះព្យាបាល ។
លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការទទួលបានការបណ្តុះបណ្តាល និស្សិតឯកទេស ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យមានបទពិសោធន៍ជំនាញខ្ពស់ គឺអ្នកទាំងអស់នេះហើយ គឺជាអនាគតនៃប្រព័ន្ធសុខាភិបាលជាតិយើង។
ជាចុងក្រោយលោកសាស្ត្រាចារ្យ ក៏បានថ្លែងអរគុណចំពោះការបេជ្ញាចិត្ត និងការបោះជំហានទៅមុខជានិច្ច របស់គ្រប់បុគ្គលិកសុខាភិបាលទាំងអស់៕