(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងថា ភាពជាម្ចាស់របស់ប្រជាជនលើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចជ័យជម្នះក្នុងការសម្រេចសុបិន «កម្ពុជាជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។
ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ដោយមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ យស គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឲ្យកម្ពុជាដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះ កំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្ដល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូប ឲ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។
នៅលើអង្គវេទិកា សម្ដេចបន្តថា ពិតណាស់ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជា អរិយប្រទេសមួយនោះ កម្ពុជាត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឲ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឲ្យសុបិនរបស់យើងក្លាយជាការពិត។
ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឲ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិតគឺ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០» […] ត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំឭកជាថ្មីនូវការដឹងគុណជានិច្ចចំពោះប្រទេសវៀតណាម ថ្នាក់ដឹកនាំវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេចបន្តថា សូមថ្លែងការដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា ហើយបាននិងកំពុងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍របស់កម្ពុជា៕