(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់នាវាកម្ពុជា ពោលប្ដូរទុក្ខលំបាកដែលញាំញីដោយភ្លើងសង្គ្រាម មកជាប្រទេសដែលមានសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើន។

សារប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណ២ម៉ឺននាក់ ដើម្បីប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃពលរដ្ឋកម្ពុជារួចផុតពីរណ្ដៅមរណៈនៃបនប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេចស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និងចលករនៃការផ្លាស់ប្ដូរពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាង។ សូមជឿទុកចិត្តនៃការផ្លាស់ប្ដូររបស់យើង»

មូលហេតុដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនេះការផ្លាស់ប្ដូរ ព្រោះរយៈពេល២៦ឆ្នាំកន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឲ្យកម្ពុជាប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះជាតិ បានបន្ដថា កម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម រ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្ដិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋ អធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។

កម្ពុជាពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅ ជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុងដើម្បីធានា ស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កម្ពុជា ដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម នៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន៕