(ក្រចេះ)៖ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងលោក ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្តបុរី នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ២០២៥។

នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងកងកម្លាំងសមត្ថកិច្ចមន្ត្រីអ្នកមុខនៃការជាច្រើនរូប។

បន្ទាប់ពីបានអានរបៀបវារៈ, លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឡើងអានរបាយការណ៍រយៈពេលដែលក្រុមការងារបានចុះធ្វើសកម្មភាពតាមភូមិឃុំទូទាំងស្រុក ក្នុងឆ្នាំ២០២៤ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចិត្របុរី ដែលបានចាត់តាំងសមាសភាពពីថ្នាក់ជាតិរហូតដល់ថ្នាក់ ភូមិ ឃុំសរុប៣២០នាក់ ស្រី៤១នាក់ក្នុងនោះក្រុមការងារបានចេញទៅស្រុកឆ្លូង ចំនួន២នាក់។

ក្រុមការងារបានរៀបចំកិច្ចប្រជុំចំនួន៤លើក បន្ទាប់ពីទទួលបានការណែនាំពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលស្រុកចិត្របុរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤និងលើកទិសដៅបន្ត បានចំនួន៥លើក ដោយទទួលបានសំណូមពរ សំណើ កង្វល់ និងទំនាស់សរុបចំនួន៤២ករណី ក្នុងនោះបានដោះស្រាយចំនួន២៥ករណីស្មើនឹង៦០% កំពុងដោះស្រាយចំនួន១៣ករណី ស្មើនឹង៣១% មិនទាន់បានដោះស្រាយចំនួន ៤ករណី ស្មើនឹង១០% មានប្រជាពលរដ្ឋចូលរួមសរុប៨៨៧នាក់ស្រី៦១៧នាក់។ ក្នុងចំណោមបញ្ហាប្រឈមដែលនៅសេសសល់មិនទាន់ដោះស្រាយបានភាគច្រើនជាសំណូមពរ ដែលហួសពីសមត្ថភាពក្រុមការងារ ក្នុងការដោះស្រាយ ដូចជាការស្នើសុំចុះបញ្ជីដីធ្លីប្លង់រឹង។ល។

ក្នុងឱកាសនោះលោក សុខ ចាន់ភក្តី បាននាំមកនូវការសាកសួរសុខទុក្ខបងប្អូនក្រុមការងារទាំងអស់ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជារួមក្នុងការអភិវឌ្ឍតួនាទី និងភារកិច្ចជាតំណាងសាធារណៈបម្រើសេវាជូន ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចស្រុកចិត្របុរី គឺបានខិតខំអនុវត្តនៅមុខងារ និងសិទ្ធិអំណាចដែលបានប្រព្រឹត្តិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្រេចលទ្ធផល និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តនូវ សកម្មភាពនានានៅក្នុងមូលដ្ឋានស្រុក។ ក្នុងន័យនេះលទ្ធផល នៃការអនុវត្តតាមមុខងារ និងសិទ្ធិអំណាចរបស់ខ្លួនគ្រប់ភារកិច្ច និងមុខងារដែលបានអនុវត្ត ទាំងខាងបញ្ញត្តិ និងប្រតិបត្តិគឺមានការចូលរួមឯកភាពរវាងអង្គ ក្រុមប្រឹក្សាគណៈអភិបាល និងស្មារតីចូលរួមប្រកបដោយទំនួសខុសត្រូវពីជំនាញការិយាល័យ និងអ្នកពាក់ព័ន្ធនានា។

ដើម្បីអនុវត្តពង្រឹង និងធ្វើបច្ចុប្បន្នភាពគ្រប់គ្រងការងារក្នុងចលនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកដែលបង្កលក្ខណៈដល់ដំណើរការ ការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់អនុវត្តន៍ខ្ជាប់ខ្ជួន នៅអនុសាសន៍ណែនាំ របស់ថ្នាក់ដឹកនាំលើកិច្ចការងារសំខាន់ៗតាមផ្នែកការងារដាក់ចេញអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ស្របតាមនីតិវិធីច្បាប់លិខិតបទដ្ឋានជាធរមាន។

លោកបានបន្ថែមថា ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធសិទ្ធភាព ដាក់ផែនការនៃការចុះទាល់នៅតាមឃុំនីមួយៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្ដាឃុំដើម្បីជាការពង្រឹងកិច្ចសហការការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងក្របខណ្ឌនៃការទទួលដឹងចែកចាយព័ត៌មានពីថ្នាក់ជាតិ និងនៅមូលដ្ឋានដើម្បីចងក្រងជារបាយការណ៍ផ្ដល់ជូនក្រុមការងារទទួលបន្ទុកខេត្ត រៀបចំកម្មវិធីចុះជួបប្រាស្រ័យកទាក់ទងនៅតាមក្នុងផ្ទះដើម្បីឈ្វេយល់ដោយផ្ទាល់នូវបញ្ហាប្រឈមតម្រូវការ សំណើ សំណូមពរ នានារបស់ប្រជាពលរដ្ឋ៕