(ភ្នំពែញ)៖ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ ៧ មករា ១៩៧៩ - ៧ មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។
ដោយមើលឃើញការធ្វើទារុណកម្ម ការឈឺចាប់ និរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ និងគ្រោះថ្នាក់របស់ប្រទេសជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលកាលនោះគេហៅថាសមមិត្ត ហ៊ុន សែន បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង២១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ត្រូវនឹងថ្ងៃ៥កើត ខែអាសាឋ ឆ្នាំម្សាញ់ នបស័ក ព.ស ២៥២១ ទាំងក្តីអាឡោះអាល័យ ទឹកភ្នែក ចាកចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងពរពោះកូនក្នុងផ្ទៃ ៥ខែ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការចាកចេញក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ស្ទើរតែមិនមានសង្ឃឹមដោយផ្តើមចេញពីការយកអាយុជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំទើបជាតិ និងប្រជាជនកម្ពុជារស់នៅ ក្រោមដំបូលសន្តិភាពដូចបច្ចុប្បន្ននេះ វាមិនមែនជារឿងសាមញ្ញពេកនោះទេ ហើយក៏មិនប្រាកដថាអ្នកណាៗក៏អាចធ្វើបានគ្រប់តែគ្នានោះដែរ។
វេលាម៉ោង១២:៣០នាទី ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំមមី ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្រែកជយោខ្ទារខ្ទរពេញប្រឹថពីក នៅលើទឹកដីអង្គរដ៏កម្សត់ រួមជាមួយការរំភើបញាប់ញ័រ ញញឹមទាំងទឹកភ្នែក ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ត្រូវបានរំដោះឱ្យរស់រានមានជីវិត ទទួលបាននូវកំណើតទី២គ្រប់ៗគ្នា។
បន្ទាប់ពីការដួលរលំនៃរបបអាវខ្មៅរបស់ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា បាននាំកម្ពុជាទៅកាន់សករាជថ្មីមួយ ជារៀងរាល់ឆ្នាំគឺថ្ងៃ៧ មករា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមអបអរសាទរនូវថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់ៗរូប និងអនុជនជំនាន់ក្រោយៗបានចងចាំ និងកត់ត្រាទុក ថ្ងៃដែលមានអត្ថន័យបំផុតសម្រាប់មនុស្សចាស់ដែលនៅរស់រានមានជីវិត និងអ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ប្រជាជាតិខ្មែរទាំងមូលបានរស់រានមានជីវិតថ្មីពីរបបប្រល័យសាសន៍ ប៉ុល ពត។ ក៏ប៉ុន្តែទោះបីប្រទេសកម្ពុជាត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងណាក៏ដោយ ក៏ក្រុមមេដឹកនាំខ្មែរក្រហម បានរត់ភៀសខ្លួនទៅជាយដែនខ្មែរ-ថៃ ដោយបង្កើតជាតំបន់តស៊ូប្រដាប់អាវុធ រួមទាំងចលនាតស៊ូខ្មែរដទៃទៀតដែលធ្វើឱ្យប្រទេសកម្ពុជានាសម័យនោះស្ថិតក្នុងដំណាក់កាលសង្គ្រាមផង និងកសាងផង។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងស្មារតីស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំ សម្ដេចតេជោ បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពនៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ដែលបានផ្ដួចផ្ដើមការចរចារកសន្តិភាពគឺ សម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
យុទ្ធសាស្ត្រឌីហ្វីដ ទទួលបានជោគជ័យដ៏ធំធេង និងនយោបាយឈ្នះឈ្នះ ដែលបានផ្តួចផ្តើមគំនិត និងចង្អុលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹកនាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៦ ហើយជាករណីតែមួយគត់នៅលើពិភពលោកនេះ។ មិនទាន់មានសង្គ្រាមណាមួយដែលបានបញ្ចប់ទៅដោយការធ្វើដំណើរមកផ្ទះនាយករដ្ឋមន្ត្រីរបស់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា គណៈរដ្ឋមន្ត្រីបានមក ដល់ផ្ទះនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះ ចំណុចនេះបង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។
រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថាកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីដែលមានតំបន់ត្រួតត្រាច្រើន បានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរ គ្រប់ៗគ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថៃ្ងជ័យជម្នះ៧ មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត បើគ្មានរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ក៏គ្មានថ្ងៃ៧ មករា បើគ្មានថៃ្ង៧ មករា ក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែររួមទាំងសិទ្ធិនៃការរស់រានក៏កើតព្រមៗគ្នាដែរ។
៧មករា ១៩៧៩ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទាំងមូល ដោយបានយកឈ្នះលើសត្រូវតែមួយគត់នោះគឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ របបខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត៣លាននាក់ ត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ដែលបង្កើតជាសោកនាដកម្ម មិនអាចបំភ្លេចបានរហូតមដល់បច្ចុប្បន្ន។
យុវជនសិស្ស-និស្សិត និងបញ្ញវ័ន្តខ្មែរ បានយល់ឃើញថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឲ្យបានរស់រានមានជីវិតជាថ្មី ដែលប្រៀបដូចជាថ្ងៃកំណើតទី២របស់ខ្លួន។ ពួកគេចូលរួមបង្ហាញនូវសា្មរតីដឹងគុណចំពោះថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំចលនាតស៊ូសង្គ្រោះជាតិកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្រជាជាតិរបស់លោក។ ពួកគេបានលើកឡើងដូចៗគ្នាថា «ថ្ងៃ៧ មករា ១៩៧៩ ជាមូលដ្ឋានគ្រឹះនៃសន្តិភាព បើគ្មានថ្ងៃនេះ ក៏គ្មានវត្តមានរបស់ពួកគាត់នៅពេលនេះដែរ» គណៈបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព សូមជឿជាក់លើការផ្លាស់ប្តូររបស់រដ្ឋាភិបាលកម្ពុជា។
បើយើងក្រឡេកមើលទៅសង្គ្រាមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ពលរដ្ឋរងទុក្ខលំបាកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណេះ ប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធ មិនអាចទទួលបានការសិក្សាអប់រំបន្តទៀតជាដើម។ ៧ មករា ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍។ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា «ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត» ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។
សម្រាប់បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) រាជរដ្ឋាភិបាល បានប្រារពមិទ្ទិងអបអរសាទរ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់។ ពិធីនេះ ឮក៏មានប្រារព្ធនៅតាមបណ្តាខេត្តនានាផងដែរ។
ទោះបីស្ថិតក្នុងស្ថានភាពការណ៍ដ៏លំបាកយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ «គណបក្សប្រជាជនកម្ពុជា» តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ វាមិនមែនជារឿងចៃដន្យទេ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ «គណបក្សប្រជាជនកម្ពុជា» គ្រប់ពេលវេលា នៅជាប់នឹងប្រជាជន ស្គាល់សុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន។
សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទទួលបានផលប្រយោជន៍ពីថ្ងៃ៧ មករានេះទាំងអស់ទទួលបានកំណើតទី២ពីការកាប់សម្លាប់យ៉ាងរង្គាល នេះជាចំណុច ដែលយើងមិនអាចបំភ្លេច នូវគុណ ៧ មករា បានទេ និងកែប្រែប្រវត្តិសាស្ត្រកម្ពុជាបានដែរ។ នៅពេលនេះ កម្ពុជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាពនិងការបញ្ចេញមតិ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោក និងប្រែក្លាយពីប្រទេសដែលទទួលយកកងទ័ពមួកខៀវ អង្គការសហប្រជាជាតិមកជាការចូលរួមយ៉ាងសកម្មក្នុងតួនាទីថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនខ្លាចនឿយហត់ ចេញពីដំណាក់កាលនៃការខំប្រឹងត្រដររស់ក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចរបស់បច្ចឹមប្រទេស មកជាប្រទេសដែលរស់ដោយខ្លួនឯង និងជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពមួយ កម្ពុជា ក៏សូមអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងឡាយ ដែលបានជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេសរហូតឈានដល់ការរីកចម្រើនដូចសព្វថ្ងៃនេះ និងបានកំណត់ចក្ខុវិស័យ។
រដ្ឋាភិបាលកម្ពុជាសម្រេចបន្ថែមទិវាបុណ្យជាតិចំនួន២ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងពិធីបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា ដើម្បីពង្រឹង លោកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ជាប្រធានដឹកនាំ។ សេចក្តីសម្រេចនេះធ្វើឡើង ដើម្បីបន្ថែមទៅលើទិវាបុណ្យជាតិដែលមានស្រាប់ដែលរដ្ឋាភិបាលកម្ពុជា តែងអនុវត្តក្នុងការស្នើសុំការបន្ថូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពីព្រះមហាក្សត្រជារៀងរាល់ឆ្នាំកន្លងមក។
ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដែលជាឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាសម្រេចសមទ្ធផលធំៗជាច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែងសន្តិភាព ស្ថេរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពសង្គមមានភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានកំណើនរង្វង់ ៦% អាត្រាប្តូរប្រាក់មានស្ថេរភាព អតិផរណាមានកម្រិតទាបដែលអាចគ្រប់គ្រងបាន ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថេរភាព។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹកដែលនិងត្រូវស្ថាបនារួចរាល់នៅឆ្នាំ២០២៨ ខាងមុខ។ រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីថែរក្សា សុវត្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបតិ្តការទូទៅរបស់ប្រទេសទាំងបីនៅតែត្រូវបានបន្តពង្រឹងពង្រីកជាធម្មតា ជាមួយគ្នានេះរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍន៍តំបន់ព្រំដែន និងការការពារបូរណភាពទឹកដី ក្រុមជ្រុលនិយម និងក្រុមអគតិមួយចំនួនបានត្រូវបរាជ័យយ៉ាងអម៉ាស់ដែលប៉ុនប៉ងប្រើបញ្ហាទាំងនេះដើម្បីបង្កអស្ថេរភាពនយោបាយ និងការបែកបាក់ជាតិ ជនណាដែលប្រឆាំងថ្ងៃ៧ មករា ជនគឺជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍។
ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបំបេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំឱ្យអ្នកដឹននាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តភាពជាតិនឹងធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែ។
រាជរដ្ឋាភិបាលប្រកាន់ជំហយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តការពារថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ភាពសំបូណ៌សប្បាយ ជឿនលើននិងការអភិវឌ្ឍន៍លើគ្រប់វិស័យនាថ្ងៃអនាគត៕
ដោយអនុបណ្ឌិត រស់ សាវី (យុវជនគំរូកម្ពុជា)