(តាកែវ)៖ លោក ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានថ្លែងថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជាផង ហើយក៏ដើម្បីរួមចំណែកជាមួយប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ ពិសេសក៏មានប្រទេសមួយចំនួនបានមកសិក្សាស្វែងយល់អំពីបទឧក្រិដ្ឋ និងការវិនិច្ឆ័យទោសលើមេដឹកនាំខ្មែរក្រហមនេះដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជនយ៉ាងច្រើនកុះករ។ នាឱកាសនោះដែរ ក៏មានការនិមន្តព្រះមន្ត្រីសង្ឃ និងព្រះសង្ឃជយន្តោប្រោះព្រំពរជ័យជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលផងដែរ។

អង្គពិធីទាំងមូលបានទស្សនានិងស្ដាប់ការថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅរាជធានីភ្នំពេញ រួមជាមួយវត្តមានសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សសរុបជាង២ម៉ឺននាក់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក ជា វ៉ាន់ដេត បានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវរូបនេះបានបន្តថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមមានអត្ថន័យច្រើនណាស់ សម្រាប់ប្រទេសនិងប្រជាជនកម្ពុជា និងសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖

១. ការកាត់ទោសខ្មែរក្រហម គឺដើម្បីបង្ហាញឱ្យមនុស្សជាតិទាំងមូល អ្នកជំនាន់ក្រោយៗកុំយកតម្រាប់តាម កុំប្រព្រឹត្តអំពើឧក្រិដ្ឋ ប្រសិនបើប្រព្រឹត្តគឺត្រូវតែជាប់ទោសក្នុងប្រវត្តិសាស្ត្រ ហើយមិនមែនសម្រាប់តែកម្ពុជាទេ គឺដើម្បីពិភពលោកទាំងមូល។

២. ការកាត់ទោសខ្មែរក្រហម គឺដើម្បីរកយុត្តធម៌ជូនប្រជាពលរដ្ឋកម្ពុជាដែលនៅរស់នៅ និងដែលបាត់បង់សមាជិកគ្រួសារ ហើយក៏ដើម្បីរកយុត្តិធម៌ជូនអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសាររបបប្រល័យពូជសាសន៍ខ្មែរក្រហម។

៣. ការកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដើម្បីរួមចំណែកជាមួយប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដើម្បីកសាងឯកសារសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់អំពីប្រព័ន្ធយុត្តិធម៌ក្នុងបទឧក្រិដ្ឋដែលប្រព្រឹត្តទៅនៅកម្ពុជា ហើយក៏ជាការរួមចំណែកតុលាការអន្តរជាតិដើម្បីយកប្រព័ន្ធយុត្តធម៌នេះទៅវិនិច្ឆ័យចំពោះរបបប្រល័យពូជសាសន៍ផ្សេងៗទៀត។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ដែរថា ជោគជ័យនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមបានក្លាយជាតុលាការគំរូរបស់អន្តរជាតិ ដែលតំណាងប្រទេសមួយចំនួនបានមកសិក្សាស្វែងយល់អំពីបទឧក្រិដ្ឋ និងការវិនិច្ឆ័យទោសលើមេដឹកនាំខ្មែរក្រហមផងដែរ៕