(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេសប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ១ខ្សែ ភ្ជាប់ពីព្រំប្រទល់ស្រុកមោងឫស្សី មកឃុំព្រះផុស ស្រុកគាស់ក្រឡ។

ការចុះពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីលោកទាំងពីរអញ្ជើញរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅផ្សារគាស់ក្រឡ។

ផ្លូវ ១ខ្សែនេះមានប្រវែងសរុប ១៦,៣០០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ដែលជាមូលនិធិរបស់ឃុំព្រះផុស។ ផ្លូវនេះត្រូវបានឆ្លងកាត់ភូមិតានួត ភូមិព្រៃចក ភូមិបឹងព្រះ និងភូមិតាខោ និងភូមិសាច់ហាបផ្លូវនេះមានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីស្រុកមោងឫស្សី ទៅកាន់ឃុំព្រះផុស និងស្រុកគាស់ក្រឡទាំងមូល។

មិនតែប៉ុណ្ណោះផ្លូវនេះជាប្រព័ន្ធប្រឡាយអបផ្លូវដែលអាចនាំទឹកពីបាសាក់ មកប្រើប្រាស់ក្នុងឃុំព្រះផុស ដើម្បីជួយប្រជាពលរដ្ឋ និងចំណេញក្នុងការបង្កបង្កើនផលដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលបានជួបប្រទះកន្លងមក៕